ជាង៨ខែនៃការឡើងកាន់ដំណែងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររបស់ឯកឧត្តម ខូវ ឆាយ ពោលគឺចាប់ពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ រហូតមកពេលនេះ វិស័យគុនខ្មែរ មានការប្រែមុខប្រែមាត់គួរងោយកត់សំគាល់ ។ តួយ៉ាងក្រោយឡើងកាន់ដំណែងភ្លាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ ចាប់ផ្ដើមធ្វើសកម្មភាពការងារតាមចំណេះ ជំនាញរបស់ខ្លួនយ៉ាងសកម្ម ដោយបានរៀបចំកែតម្រូវចំនុចខ្វះខាតជាច្រើន ទាំងការដឹកនាំរបស់គណៈកម្មការជំនាញនីមួយៗ ដើម្បីឈានទៅរកតម្លាភាពត្រឹមត្រូវ ព្រមទាំងស្វែងរកយុត្តិធម៌ ខុសត្រូវ ជូនដល់មន្ត្រី គ្រូបង្វឹកកីឡាករ -កីឡាការិនី នៅពេលមានវិវាទប្រឈមណាមួយកើតឡើង បន្ថែមប្រសិទ្ធភាពការងារ ក្រមសិលធម៌ វិជ្ជាជីវៈ និងការគោរពវិន័យ បទបញ្ជាការប្រកួតផងដែរ ។
សង្កេតឃើញថា ក្នុងនាមឯកឧត្តម ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺតែងតែ មានការសកម្មជាខ្លាំង ក្នុងការជួយជ្រោមជ្រែង វិស័យកីឡាប្រដាល់គុនខ្មែរ ទាំងលើឆាកជាតិ និងអន្តរជាតិ ស្ទើរតែគ្រប់សង្វៀនទាំងអស់នៅក្នុងប្រទេសកម្ពុជា ។ ដោយបានកែតម្រូវរៀបចំសមាសភាពចៅក្រមអាជ្ញាកណ្ដាលចល័តវិលជុំតាមសង្វ្រៀនប្រកួត ឲ្យមានសម្លាភាព លុបបំបាត់បក្សពួកនិយម អំពើរពុករលួយ និងបានតំឡើងថ្លៃពលកម្មប្រចាំកម្មវិធីផងដែរ ។
រៀបចំនិងបង្កើនឲ្យមានការប្រកួតលក្ខណៈអន្តរជាតិច្រើនជាងមុន ជាពិសេសបានកំណត់ចាត់ចែងអោយតាមបណ្ដាសង្វ្រៀន និងស្ថានីយ៍នានា ត្រូវរៀបចំឲ្យមានកីឡាករថ្នាល និងកីឡាការិនី ប្រកួតយ៉ាងតិចពីរគូ ដើម្បីបណ្ដុះអភិវឌ្ឈន៍វិស័យគុនខ្មែរអោយកាន់តែទៅមុខបន្ថែមទៀត ។ បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដា ស្ថានីយ៍ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយ និងដៃគូសហការឧបត្តម្ថ ដើម្បីរៀបចំបង្កើតកម្មវិធីប្រកួតធំៗ ដណ្ដើមប្រាក់រង្វាន់ ការប្រកួតដណ្ដើមរង្វាន់ម៉ូតូ ប្រកួតដណ្ដើមរថយន្ត និងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ជាច្រើនគ្រឿង ក្រោមកិច្ចជួយជ្រោមជ្រែងពីក្រុមហ៊ុនធំៗមួយចំនួននៅកម្ពុជា ផងដែរ ។
ដោយឈរលើគោលដៅ អនុវត្តន៍ផែនការ បង្កើនការបណ្ដុះបណ្ដាលថ្នាល ប្រមុខសហព័ន្ធគុនខ្មែរ វ័យក្មេង បានយកចិត្តទុកដាក់ ក្នុងការចុះទៅដល់ទីតាំង ក្លឹបប្រដាល់ដែលមានជីវភាពខ្វះខាត ដើម្បីយកថវិការ ដែលប្រមូលបានពីសប្បុរសជន យកទៅប្រគល់ជូនដល់គ្រូបង្វឹក ក្លឹបប្រដាល់នៅតាមបណ្ដាទីជនបទ ដែលកំពុងខ្វះខាត ដើម្បីដោះស្រាយជីវភាព និងជួសជុល សាងសងក្លឹប បន្តការហ្វឹកហាត់ជាប្រចាំដើម្បីផលិតធន់ធានកីឡាករ-កីឡាករិនី ពីថ្នាល មុនវិវត្តខ្លួនទៅជាកីឡាករ អាជីព មានឈ្មោះបោះសម្លេងដូចរៀមច្បងដទៃ ព្រមទាំងបានសន្យាថាមិនទុកឲ្យកីឡាករ-កីឡាការិនី ថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យគុនខ្មែរ គ្រូបង្វឹក ណាម្នាក់ជួបការលំបាកឡើយ ។
ជាក់ស្ដែងកាលដើមខែតុលាឆ្នាំ២០២៤ នេះ ឯកឧត្តម បានបង្កើតឲ្យមានការប្រកួតឡើងវិញនៅសង្វ្រៀនថ្នាលគុនខ្មែរ ឯកភ្នំ ខេត្តបាត់ដំបង ដោយផ្ដោតលើការផលិតកីឡាករ-កីឡាការិនីថ្នាល ចម្រេញយកត្រៀមសម្រាប់ការប្រកួតលក្ខណៈជាតិ-អន្តរជាតិនានានៅពេលខាងមុខ ។ ក្រឡេកទៅមើលសកម្មភាព ផ្សព្វផ្សាយគុនខ្មែរនៅក្រៅស្រុកវិញចាប់តាំងពីឯកឧត្តម ឡើងកាន់ជាប្រធាន មិនថាកម្រិតតំបន់អាស៊ី ឬពិភពលោកនោះទេ វិស័យគុនខ្មែរ បានបញ្ជ្រាបដល់បណ្ដាប្រទេស និងទ្វិបជាច្រើនលើសកលលោកដោយពេលខ្លះឯកឧត្តមប្រធានធ្វើការដឹកនាំកីឡាករ-កីឡាការិនីចេញទៅប្រកួតផ្ទាល់ និងពេលខ្លះឯកឧត្តម ចាត់តំណាងដើម្បីដឹកនាំចេញទៅប្រកួតជាដើម ។
ដូចជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ និងដណ្ដើមខ្សែក្រវ់ាត់ជាច្រើនដែលពុំធ្លាប់មាននោះទេសម្រាប់វិស័យគុនខ្មែរ មានដូចជា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចេញទៅប្រកួតនៅប្រទេសបារាំង,ប្រទេសជប៉ុន,កូរ៉េខាងត្បូង ,អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក ប្រទេសចិន និងបែកខាងអ៊ឺរ៉ុប ប្រទេសក្រិច ជាដើម ដែលសកម្មភាពទាំងអស់នេះ គឺសុទ្ធសឹងតែទទួលបានភាពជោគជ័យ ការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់បរទេស ហើយគេស្គាល់កាន់តែច្បាស់អំពីគុនខ្មែរ ដែលជាក្បាច់គុនបុរាណ បានបន្សល់ទុកពីដូនតាមក ។
ចំពោះកិច្ចការងារសង្គមវិញ ក្រៅពីការហ្វឹកហាត់ប្រចាំថ្ងៃ និងការប្រកួតប្រចាំសប្ភាហ៍ ឯកឧត្តម ខូវ ឆាយ បានដឹកនាំ មន្ត្រី គ្រូបង្វឹក កីឡាករចូលរួមការប្រកួតបាល់ទាត់សប្បុរធម៌ជួយទ្រទ្រង់ដល់មូលនិធីមន្ទីរពេទ្យគន្ធបុប្ភា ,ចូលរួមបង្កើតការប្រកួតបាល់ទាត់ សប្បុរសធម៌ ក្រោមមូលបទ យើងលើកស្ទួយជួយគុនខ្មែរ ដើម្បីប្រមូលថវិការយកមកជួយ ដល់អ្នកដែលខ្វះខាតក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ ដោយទទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាបិតាសន្តិភាព នាំឲ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាព មានការអភិវឌ្ឈន៍រហូតដល់សព្វថ្ងៃនេះ ។
ហើយម្យ៉ាងទៀតនោះ ថវិការសប្បុរធម៌ដែលទទួលបានពីការប្រកួតបាល់ ក្រោមមូលបទ យើងលើកស្ទួយជួយគុនខ្មែរ ឯកឧត្តម បានចាត់ចែង ជួយសាងសងក្លឹបប្រដាល់ មួយចំនួនជាបណ្ដើរៗ តាំងនៅជាយរាជធានីភ្នំពេញ នៅតាមស្រុកមួយចំនួននៃខេត្តបាត់ដំបង និងជាពិសេស ត្រៀមបង្កើតក្លឹបប្រដាល់ថ្មីមួយដែលសម្រាប់ខេត្តកំពង់ចាម គឺនៅស្រុកក្រូចឆ្មា ជាស្រុកកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន ដោយឯកឧត្តម ប្រធាន និងសហការី បានចុះពិនិត្យមើលទីតាំងរួចរាល់ ដែលកន្លងមកខេត្តកំពង់ចាមនេះគឺមិនដែលមានក្លឹបកីឡាប្រដាល់គុនខ្មែរនោះទេ ។ នៅចុងឆ្នាំ២០២៤នេះ ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឯកឧត្តម ខូវ ឆាយ នឹងបន្តដឹកនាំមន្ត្រី គ្រូបង្វឹក កីឡាករចូលរួមការប្រកួតបាល់ទាត់អបអរទិវាសន្តិភាពនៅកម្ពុជា ជាមួយក្រុមតារាកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតតេជោ ដែលជាព្រឹត្តការណ៍ប្រត្តិសាស្ត្រដ៏ធំប្រចាំឆ្នាំ២០២៤ នេះ ។
តាមការបង្ហើបអោយដឹងពីសំណាក់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា សម្រាប់ផែនការការងារបន្ទាប់ គឺធ្វើយ៉ាងណា បង្កើនគុនភាព មន្ត្រីបច្ចេកទេស វិន័យ ក្រមសិលធម៌ លុបបំបាត់ភាពអសកម្មនានានៅក្នុងគុនខ្មែរ បង្កើនសង្វ្រៀនប្រកួតទាំងថ្នាលយុវជន យុវនារី ការប្រកួតពានរង្វាន់ មិត្តភាពជាតិ-អន្តរជាតិ និងជាពិសេសត្រូវដឹកនាំនាវាគុនខ្មែររបស់កម្ពុជា ផ្សព្វផ្សាយគ្រប់រូបភាពទាំងអស់ ទៅកាន់សកលលោក អោយគេបានស្គាល់គុនខ្មែរកាន់តែច្បាស់បន្ថែមទៀត ។