ខេត្តកណ្ដាល ៖
បើកបរល្បឿនលឿនខ្វះការអធ្យាស្រ័យគ្នានៅផ្លូវបំបែកជាបួន បណ្ដាលឲ្យបុរសបើកបរម៉ូតូម្នាក់ រងរបួសធ្ងន់កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៤និង៤០នាទី នៅចំណុចខាងលើផ្លូវលេខ២០៨ កែងផ្លូវលេខ១០៦ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល រវាងរថយន្ត ជាមួយម៉ូតូ ។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថានៅវេលាម៉ោង ថ្ងៃខែឆ្នាំកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាក HONDA CBR 150 CC ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1JD-1140 មិនពាក់មួក សុវត្ថិភាព បើកបរដោយឈ្មោះ ដួង សុខហេង ភេទប្រុស អាយុ ២០ ឆ្នាំ តាមផ្លូវលេខ១០៦ ទិសដៅពីលិចទៅកើត ។
លុះដល់ចំណុចកើតហេតុ ក៌បានបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2AM-4525 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ បើកតាមផ្លូវលេខ២០៨ មានទិសដៅពីជើងទៅត្បូង បណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកជ័យជំនះដឹកយកទៅ សង្គ្រោះ ។
ចំពោះមធ្យោបាយពាក់ព័ន្ធ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់។ ចំពោះមូលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីអ្នកបើកបរទាំងពីរនាក់ បើកបរខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួន ៕