ខេត្តកំពង់ស្ពឺ ៖
ក្រុមជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃស្រុកសំរោងទង ធ្វើការសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ រលាំងគ្រើលឃាត់ខ្លួនបាន ខណៈដែលធ្វើការល្បាតប្រទះឃើញ ។ ការឃាត់ខ្លួនក្រុមជនសង្ស័យពាក់ព័ន្ធជាមួយគ្រឿងញៀនខាងលើនេះ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ចំណុចភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាល បាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ គឺកម្លាំងនគរបាលប៉ុស្តិ៍ឃុំរលាំងគ្រើល បានធ្វើការល្បាតនៅតាមភូមិសាស្រ្ត តំបន់ស្មុគស្មាញ ក៏បានឃាត់ខ្លួនមុខសញ្ញារក្សាទុកនៅសារធាតុញៀន ១នាក់ នៅចំណុចភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានឈ្មោះអាន សុធា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលដដែល បានបន្តថា យោងតាមចម្លើយសារភាពរបស់ឈ្មោះ អាន សុធា សមត្ថកិច្ច បានឈានឃាត់ខ្លួនបានមុខសញ្ញាចំនួន ៣នាក់បន្ថែមទៀត ។
ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យខាងលើសរុបចំនួន០៤នាក់ សមត្ថកិច្ច ដកហូតបានក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ១៣កញ្ចប់ ក្នុងនោះកញ្ចប់មធ្យម ៩កញ្ចប់ និងទូរស័ព្ទដៃចំនួន២គ្រឿង ផងដែរ។
បច្ចុប្បន្ន ក្រុមជនសង្ស័យរួមជាមួយវត្ថុតាង កម្លាំងនគរបាលស្រុកសំរោងទង កសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕