ខេត្តកណ្ដាល ៖
ស្ត្រីដៃឆើតម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនករណីហិង្សាដោយចេតនា យកអំបោសដងដែក វាយទៅលើស្ត្រីរងគ្រោះ បង្កជារបួសស្នាម ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច ក្នុងខុនដូ ចតុមុខ ភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។
លោកវរៈសេនីយ៌ទោ រស់ ដាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់ឲ្យដឹងថា÷ស្ត្រីជាជនរងគ្រោះមានឈ្មោះ ជា សុណា អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រង ខុនដូ ចតុមុខ មានទីលំនៅក្នុងភូមិកន្ទួត ឃុំកោងកាង ស្រុកពញាក្រែងក ខេត្តត្បួងឃ្មុំ រងរបួសជាំភ្លៅខាងឆ្វេង ស្មាខាងឆ្វេង របួសម្រាមដៃស្តាំហូរឈាម ។
ចំនែកជនសង្ស័យស្ត្រីដៃឆើតឈ្មោះ នី យ៉ាម៉ង់ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះមាន ទីលំនៅបន្ទប់លេខA2 M12 ក្នុងខុនដូ ចតុមុខ ស្ថិតនៅភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
លោកអធិការ បានប្រាប់ឲ្យដឹងបន្តទៀតថា÷តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះថាកន្លងមកកាលពីកំឡុងខែកុម្ភៈឆ្នាំ២០២៣ ស្ត្រីជាជនសង្ស័យ ធ្លាប់ប្រើអំពើហិង្សាមកលើជនរងគ្រោះម្តងរួចមកហើយ តែជនរងគ្រោះមិនប្តឹងនោះទេ គ្រាន់តែសំណូមពរដល់សមត្ថកិច្ចឲ្យធ្វើការអប់រំ និងធ្វើកិច្ចសន្យា កុំមានការប្រើហិង្សាបន្តទៀត។ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានោះមក ជនសង្ស័យនៅតែមកជេរ និងអុកឡុកដល់ក្នុងការិយាល័យធ្វើការរបស់ស្ត្រីជាជនរងគ្រោះជាញឹកញ៉ប់ ។
លុះនៅថ្ងៃកើតហេតុ តាំងពីម៉ោង០៨ព្រឹក រហូតដល់ម៉ោង១៥និង៣០នាទីល្ងាចថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៤ ស្ត្រីជាជនសង្ស័យ ក៏នៅតែបង្កហេតុ យកចានបាយមកហូបក្នុងបន្ទប់ការិយាល័យខុនដូ របស់ស្ត្រីរងគ្រោះដែលជាអ្នកគ្រប់គ្រង ខុនដូ ទៀត។ ទោះបីមានការជួយអន្តរាគមន៍ពីបុគ្គលិកខុនដូជួរមុខ មកជួយសម្របសម្រួល កុំឲ្យស្ត្រីជាជនសង្ស័យ យកចានបាយមកហូបក្នុងបន្ទប់ការិយាល័យ ខុនដូ ព្រោះខ្លាចប៉ះពាល់ដល់ភ្ញៀវ ក៏ស្ត្រីជាជនសង្ស័យ មិនខ្ចីស្តាប់ នៅតែបង្កការជេរប្រមាថមកលើស្ត្រីជាអ្នកគ្រប់គ្រងខុនដូរ រហូតយកអំបោសដងដែក ប្រើអំពើហិង្សាវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសហើយក៏ឡើងទៅលើបន្ទប់បាត់ទៅ ចំណែកជនរងគ្រោះ ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកតាកូវតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បន្តចាត់ការតាមនីតិវិធី ៕