ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរគូសបញ្ជាក់ថា ការនាំកីឡាករគុនខ្មែរ៣នាក់ចេញទៅប្រកួតកីឡាប្រដាល់គុនខ្មែរ នៅទីក្រុង Liverpool ចក្រភពអង់គ្លេស គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការផ្សព្វផ្សាយក្បាច់គុនមរតកដូនតាខ្មែរឱ្យពិភពលោកកាន់តែស្គាល់កាន់តែច្បាស់ពីភាពអស្ចារ្យនៃវិស័យកីឡាប្រដាល់គុនខ្មែរ ។
ការថ្លែងបែបនេះគឺនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅចក្រភពអង់គ្លេស នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ។
ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅទីក្រុង Liverpool ចក្រភពអង់គ្លេស នឹងត្រូវប្រព្រឹត្តទៅ នៅយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ហើយនេះជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ប្រភេទកីឡាប្រដាល់គុនខ្មែរ ជាលើកទី២ បន្ទាប់ពីការចូលរួមប្រកួតរបស់អ្នកប្រដាល់គុនខ្មែរ នៅចក្រភពអង់គ្លេសពុំទទួលបានជោគជ័យ។ ការចេញទៅប្រកួតលើកទី២ នៅទឹកដីនៃចក្រភពអង់គ្លេស គឺជាការផ្តល់តម្លៃ និងគេបានឃើញពីភាពអស្ចារ្យនៃក្បាច់ប្រដាល់គុនខ្មែរ។ កីឡាករនៅតំបន់អឺរ៉ុបសុទ្ធសឹងតែជាអ្នកខ្លាំងពូកែ ដោយសារតែកីឡានៅទីនោះមានភាពជឿនលឿន ដូច្នេះ ពេលខ្លះបើទោះបីជាការប្រកួតឈ្នះក្តី ឬចាញ់ក្តីក៏ជាឱកាសរបស់វិស័យកីឡាប្រដាល់គុនខ្មែរយើង ក្នុងការចេញទៅផ្សព្វផ្សាយឱ្យទូលំទូលាយនូវប្រភេទក្បាច់គុនមរតកដូនតាខ្មែរទៅកាន់ពិភពលោក ។
ឯកឧត្តម ខូវ ឆាយ គូសបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ប្រភេទកីឡាប្រដាល់គុនខ្មែរត្រូវបាននាំយកទៅផ្សព្វផ្សាយយ៉ាងច្រើន នៅក្រៅប្រទេស ហើយនៅដើមឆ្នាំ២០២៥ខាងមុខ គុនខ្មែរនឹងត្រូវត្រៀមចូលរួមប្រកួតយ៉ាងច្រើន នៅប្រទេសបារាំង អេស្ប៉ាញជាបន្តបន្ទាប់។ ដោយកន្លង គុនខ្មែរក៏បានទៅដល់ប្រទេសចិន កូរ៉េ ជប៉ុន បារាំង ២លើក អូស្ត្រាលី ២លើកជាដើម ។
ជាថ្មីម្តងទៀត ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះក៏បានថ្លែងអំណរគុនយ៉ាងជ្រាលជ្រៅបំផុតជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលតែងតែផ្តល់ការគាំទ្រដល់វិស័យកីឡាប្រដាល់គុនខ្មែរ ដែលទាំងអស់នេះគឺជារួមចំណែកដ៏សំខាន់មិនអាចកាត់ថ្លៃបាន ក្នុងការរួមគ្នាជួយរុញច្រានឱ្យវិស័យកីឡាប្រដាល់គុនខ្មែរកាន់តែរីកចម្រើនកាន់តែខ្លាំងក្លាបន្ថែមទៀត។ ឯកឧត្តម ខូវ ឆាយ ជឿជាក់យ៉ាងមុតមាំថា ការរួបរួមសាមគ្គីភាពគ្នាជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នឹងប្រែក្លាយប្រដាល់គុនខ្មែរទៅជាប្រភេទកីឡាសកល ដែលទទួលស្គាល់ដោយពិភពលោក និងស្ថាប័នកីឡាធំៗលើពិភពលោក ហើយប្រជាពលរដ្ឋខ្មែរនឹងមានមោទនភាពនូវក្បាច់គុនបុរាណមរតកដ៏ថ្លៃថ្លារបស់ខ្មែរយើង ។