ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើការ បង្ហោះសារមួយលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ទាក់ទិនជាមួយនឹងវិស័យគុនខ្មែរ ដែលមាននូវការសរសេរ រំលេចនូវពាក្យពេចន៍ ជាច្រើនដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំរំជួលចិត្ត ពិសេសអ្នកពាក់ព័ន្ធក្នុងវិស័យកីឡាប្រដាល់គុនខ្មែរដែលមានខ្លឹមសារថា«ខ្ញុំមិនដែលខ្វល់ពីការរិះគន់ និងការខឹងសម្បារបស់មនុស្សអាក្រក់មួយក្តាប់តូចដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ។ ខ្ញុំតែងតែខ្វល់ខ្វាយអំពីសុខទុក្ខរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក មន្រ្តីបច្ចេកទេសអាជ្ញាកណ្តាលចៅក្រម និងភាគីពាក់ព័ន្ធទាំងអស់របស់គុនខ្មែរ ដែលសុទ្ធតែជាមនុស្សល្អៗហើយកំពុងត្រូវការជំនួយ» ។

ឯកឧត្តម ខូវ ឆាយ បានសរសេររំលេចនៅក្នុងសារនោះទៀតថា ខ្ញុំកំពុងតែរីករាយណាស់ ដែលបានឃើញកីឡាករ កីឡាការិនី គ្រូបង្វឹកគុនខ្មែរ មានកម្មវិធីប្រកួតសម្បូរហូរហៀរ តម្លៃខ្លួនកើនឡើងឥតឈប់ឈ បន្តចេញផ្សព្វផ្សាយគុនខ្មែរជាច្រើនប្រទេស មានម៉ូតូមានឡានជិះសឹងគ្រប់គ្នា ក្លឹបថ្មីៗ កីឡាករ កីឡាការិនីថ្នាលថ្មីៗកើនច្រើនស្ទើរគ្រប់ខេត្តក្រុង។ស្នាមញញឹមរបស់ពួកគាត់ជាកំលាំងជម្រុញឱ្យខ្ញុំបន្តសកម្មភាពការងារដឹកនាំវិស័យមួយនេះដោយមិនចេះនឿយហត់ និងមិនរាថយ។ នេះបើតាមការឲ្យដឹងពីលោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលកំពុងតែមានប្រជាប្រិយភាព ទទួលបានការគោរពស្រឡាញ់ពី អ្នកពាក់ព័ន្ធនៅក្នុងវិស័យគុនខ្មែរ ។

គួរជម្រាបជូនផងដែរថា ក្រោយពីប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរថ្មី ឯកឧត្តមខូវ ឆាយ បានចូលកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហព័ន្ធ គេសង្កេតឃើញថា រូបលោកតែងតែ មានការសកម្មជាខ្លាំង ក្នុងការជួយជ្រោមជ្រែង វិស័យកីឡាប្រដាល់គុនខ្មែរ ទាំងលើឆាកជាតិ និងឆាកអន្តរជាតិ ស្ទើរតែគ្រប់សង្វៀនទាំងអស់នៅក្នុងប្រទេសកម្ពុជា ។ ដោយកន្លងមក លោកក៏បានយកចិត្តទុកដាក់ ក្នុងការចុះទៅដល់ទីតាំង ក្លឹបប្រដាល់ដែលមានជីវភាពខ្វះខាត ដើម្បីប្រមូលថវិកាសប្បុរសធម៌ ពីសប្បុរសជន យកទៅប្រគល់ជូន ដល់គ្រូបង្វឹក និងអ្នកហាត់ក្បាច់គុនបុរាណខ្មែរនៅតាមបណ្ដាទីជនបទ ។ ពិសេសលោកតែងតែ កៀរគរ អ្នកមានទ្រព្យធន់ក្នុងស្រុក បុគ្គលល្បីៗក្នុងវិស័យកីឡា បង្កើតការប្រកួតបាល់ទាត់ សប្បុរសធម៌ ក្រោមរូបភាព កីឡារស់ក្នុងសន្តិភាព យើងលើកស្ទួយជួយគុនខ្មែរ ដើម្បីប្រមូលថវិការយកមកជួយ ដល់អ្នកដែលខ្វះខាតក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ ដោយ មិនទុកឲ្យកីឡាករ ថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យ គ្រូបង្វឹក ណាម្នាក់ជួបការលំបាកឡើយ ៕