បន្ទាយមានជ័យ ៖ 

ជនជាតិថៃ២នាក់ ត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារ បណ្តាលឲ្យស្លាប់ម្នាក់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ និង ម្នាក់ទៀត រត់គេចរួច។ ហេតុការណ៍នេះបានកើតឡើងយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវ ក្នុងភូមិបាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា៖គេ បានលឺស្នូរសំលេងផ្ទុះអាវុធប្រាវ ស្មានតែដុតផាវ ក៏ស្ទុះចេញមកមើល ឃើញជនរងគ្រោះម្នាក់ ដេកសន្លប់ស្តូកស្តឹង របួសធ្ងន់ដេកហូរឈាម និងម្នាក់ទៀត រត់ស្រែកឲ្យគេជួយ ។

យោងតាមប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ថា៖មុនពេលមានការបាញ់ប្រហារទៅលើជនរងគ្រោះ គេ ឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាក ស៊ូម័រអ៊ិច មានគ្នា២នាក់ ម្នាក់ជាស្ត្រីនិងម្នាក់ទៀត ជាបុរសនិងជាអ្នកបើកម៉ូតូ។ ពេលជិះម៉ូតូតាមផ្លូវ ក៏ត្រូវបានឃាតករ២នាក់ ជិះម៉ូតូ ១ គ្រឿង តាមក្រោយ ហើយ បាញ់ប្រហារទៅលើបុរស ដែលជាអ្នកបើកបរម៉ូតូ  បណ្តាលឲ្យរបួសធ្ងន់ ហើយ បានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀត រត់គេចខ្លួនរួចផុតពីគ្រោះថ្នាក់ ។

តាមការសន្និដ្ឋាន ករណីបាញ់ប្រហារនេះ អាចជាការបាញ់ប្រហារគ្នារឿងគំនុំ ៕