កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលមានកិច្ចសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តកំពត ក្រសួង ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជននានា ។
ការរៀបចំពិធីបុណ្យនេះឡើងមកក្នុងគោលបំណង ជំរុញការលើកតម្លៃផលិតផល និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ពិសេសការអបអរបេតិកភណ្ឌ និងអេកូរទេសចរណ៍ និងនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ នៅក្នុងកម្មវិធីទាំងមូល នឹងមានការសម្តែងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី ដោយមានការចូលរួមពីសិល្បករសិល្បការិនីជាតិ និងអន្តរជាតិ តារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអុជកាំជ្រួចអបអរសាទរពិធីបុណ្យនេះផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានមហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងបង្ហាញផលិតផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ ព្រមទាំងការតាំងពិព័រណ៌ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុកជាច្រើនទៀត។ ក្រៅពីនេះក៏មានសកម្មភាពកីឡាលើទឹក កីឡាលើឆ្នេរខ្សាច់ មានការចូលរួមពីសំណាក់កីឡាករ កីឡាការិនី ជាតិ និងអន្តរជាតិ ។
ដូចនេះ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងសាធារណៈជន ចូលរួមឱ្យបានច្រើនកុះករ ដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ៕