រាជធានីភ្នំពេញ ៖
លោកគ្រូជំនាញចាប់សសៃម្នាក់ បានស្លាប់បាត់បង់ជិវិត ខណៈខំប្រឹងក្រោកតាំងពីងងឹតប្រញាប់ទៅចាប់សរសៃឲ្យអ្នកជំងឺ បានជួបគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីជិតភ្លឺ. ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះខាងលើ មានឈ្មោះ ម៉ៅ លី. ភេទប្រុស. អាយុ៦៦ឆ្នាំ មុខរបរគ្រូខ្មែរចាប់សសៃ. មានស្រុកកំណើត នៅភូមិបឹងក្រុំ ឃុំបឹងក្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ ខំក្រោកតាំងពីយប់ងងឹត វេចបាយម្ហូបដើម្បីយកទៅទុកហូប ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AF-9419 ចេញពីផ្ទះរបស់គាត់ ដើម្បីទៅធ្វើសរសៃឲ្យអ្នកជំងឺនៅឯម្តុំស្ទឹងមានជ័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ។
លុះដល់ចំនុចកើតហេតុ ក៏បានបុកកន្ទុយរ៉ឺម៉កម៉ូតូពីក្រោយ បណ្តាលឲ្យដួលខ្ទាតទៅខាងឆ្វេងដៃ ត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបានកិនចំក្បាល បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ហើយអ្នកបើកបររថយន្តខាងលើ បានបើករថយន្តគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕