ខេត្តកណ្តាល ៖ 

ដោយមាននិស្ស័យនិងគ្នា ស្គាល់និងទុកចិត្តគ្នា បុរសស្ត្រីពីរនាក់ បានរាប់គ្នាជាបងប្អូនធម៌ តែបែរជាសណ្តាន ខាងបុរសមិនល្អ ក្លាយជាជនសង្ស័យក្បត់ទំនុកចិត្ត ខ្ចីម៉ូតូនិងទូរស័ព្ទ ពីជនរងគ្រោះជាស្ត្រី យកទៅលក់ស៊ីដាច់ម៉ត់  ដែលករណីខាងលើ បានកើតហេតុនៅវេលាម៉ោង១៧និង៤០នាទី នៅចំណុចមុខសាលាឯកជន តាំងទីយូ ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងក៏ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ រហូតឃាត់ខ្លួនជនសង្ស័បាននៅព្រឹកថ្ងៃទី០៧ ខែធ្នូ ធ្នាំ២០២៤ ។ 

លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សុខនី លីហ្សា ភេទស្រី អាយុ១៦ឆ្នាំ  ជនជាតិខ្មែរ ស្នាក់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស ។ ចំនែកជនសង្ស័យមាន ឈ្មោះ ហឿន ស្រីឌុច ហៅឌី ភេទប្រុស  អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់  ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនប្រាកដ។ វត្ថុតាងចាប់យក៖ -ម៉ូតូចំនួន០១គ្រឿងម៉ាកHONDA C125  ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R-1495  -ទូរស័ព្ទដៃ០១គ្រឿង ម៉ាក iPhone 11 ពណ៌ស ។   

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូនិងទូរស័ព្ទ)របស់ជនរងគ្រោះខាងលើ ដើម្បីយកទុកជិះទៅលេងផ្ទះមិត្តភ័ក្តនិងទូរស័ព្ទដៃ យកទៅលក់ហើយបានលុយទុកចាយប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕