ខេត្តកណ្តាល ៖
គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង០៣និង០០នាទីទាបភ្លឺថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៤ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ 08 ចន្លោះគីឡូម៉ែត្រលេខ 35-36 ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃអធិការដ្ធាននគរបាលស្រុកខ្សាច់កណ្តាល បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះដែលស្លាប់ ឈ្មោះ សោម ឡៃអឿន ភេទប្រុសអាយុ៣៧ឆ្នាំ បើកបរម៉ូតូម៉ាក DREAM C125ពណ័ខ្មៅ គ្មានស្លាកលេខ ( សណ្តោងរ៉ឺម៉ក) ទិសដៅពីត្បូងទៅជើង មិនពាក់មួកសុវត្ថិភាព មានទីលំនៅក្នុងភូមិដូង ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង ។ ចំនែកភាគីខាងរថយន្ត ម៉ាក LEXUS RX 330 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AE-8019 (មិនស្គាល់អត្តសញ្ញាណម្ចាស់រថយន្ត បានរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់ ) ទិសដៅពីជើងទៅត្បូង ( បញ្ច្រាសទិសគ្នា) ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថាមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យស្លាប់អ្នកបើកបរម៉ូតូស្លាប់នេះ គឺបណ្តាលមកពីជនរងគ្រោះអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក បើកបរបត់ឆ្វេងឆ្លងផ្លូវ ចូលផ្លូវហាមឃាត់ការធ្វើចរាចរខ្វះការប្រុងប្រយត្ន័ ។
ចំនែកភាគីខាងអ្នកបើកបររថយន្ត ក៏បានបើកបរចូលផ្លូវហាមឃាត់ការធ្វើចរាចរ ខ្វះការប្រុងប្រយ័ត្នដូចគ្នា ៕