កំពង់ស្ពឺ ៖
ក្រុមក្មេងទំនើងចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមក្មេងទំនើងចំនួន០៣ក្រុមផ្សេងគ្នា ជិះម៉ូតូតាមផ្លូវសាធារណៈ ហើយ មានកាំបិតផ្គាក់ និងដាវកែឆ្នៃ យកតាមខ្លួន ។
មន្ត្រីនគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែធ្នូ ២០២៤ កម្លាំងនគរបាលតាមបណ្ដាគោលដៅប៉ុស្ដិ៍នគរបាលរដ្ឋបាល បានការសហការជាមួយ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ធ្វើការល្បាតពួនស្ទាក់តាមផែនការ ក្នុងភូមិសាស្រ្ត ជាក់ស្ដែង រកឃើញនិងធ្វើការឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើង ចំនួន០៣ក្រុមផ្សេងគ្នា ។
លោកវរៈសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថាក្រុមក្មេងទំនើងទាំង០៣ក្រុមខាងលើនេះ សុទ្ធតែជាមុខសញ្ញាគ្រប់គ្រងរបស់មូលដ្ឋាន និង ធ្លាប់មានសកម្មភាព ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង០៣ក្រុម រួមជាមួយវត្ថុតាង សមត្ថកិច្ចនគរបាលកំពុងអនុវត្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ ៕