រាជធានីភ្នំពេញ ៖
ជនសង្ស័យ១៣នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋានខណ្ឌចំនួន៣ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ហើយ យកទៅបង្ហាញមុខរួមគ្នាជាសាធារណៈនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៤នេះ ។
តាមនគរបាលឲ្យដឹងថាជនសង្ស័យ១៣នាក់ខាងលើនោះ មាន០៨នាក់ ពាក់ព័ន្ធលួចទ្រព្យសម្បត្តិ , ០២នាក់ ពាក់ព័ន្ធប្រើហិង្សា , ០២នាក់ ពាក់ព័ន្ធករណីឆក់ និងម្នាក់ទៀតពាក់ព័ន្ធករណីវាយប្លន់ ក្នុងនោះ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល ស្រាវជ្រាវឃាត់បានចំនួន ៥នាក់,កម្លាំងអធិកាដ្ឋានខណ្ឌព្រែកព្នៅស្រាវជ្រាវគាត់បាន១នាក់,កម្លាំងអធិការដ្ឋានខណ្ឌឫស្យកែវស្រាវជ្រាវឃាត់ខ្លួនបានចំនួន ៥នាក់ និង នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់ ។
តាមនគរបាល ឲ្យដឹងទៀតថា ជនសង្ស័យ បានធ្វើសកម្មភាពចំនួន៤ករណីផ្សេងគ្នាប្រព្រឹត្តិទៅនៅក្នុងមូលដ្ឋានខណ្ឌចំនួន០៤ ក្នុងរាជធានីភ្នំពេញ រួមមាន៖ខណ្ឌកំបូល , ខណ្ឌឬស្សីកែវ , ខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ ។
ក្រោយពីបង្ហាញមុខជាសាធារណៈ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចូន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕