រាជធានីភ្នំពេញ ៖

រថយន្តសាំងយ៉ុងមួយគ្រឿង បើកបរក្នុងល្បឿនលឿន ស្របពេលមេឃកំពុងតែ ភ្លៀងផងនោះ បណ្តាលឲ្យរេចង្កូតជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បាក់រលំអស់២កង់ ព្រមទាំងរងការខូចខាតរថយន្ត យ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាក សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2W-6444 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ។

លុះមកដល់ចំនុចកើតហេតុខាងលើ ស្របពេលមេឃកំពុងតែភ្លៀងផងនោះ ក៏ស្រាប់តែ រថយន្ត រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យបាក់រលំអស់ចំនួន២កង់ ព្រមទាំងធ្វើឲ្យរថយន្ត រងការខូចខាតខ្ទេចផែ្នកខាង មុខចំហៀងខាងឆ្វេងយ៉ាងដំណំ កល់ជាប់ទ្រូងផ្លូវទៅមុខលែងរួច ។ ក្នុងករណីនេះផងដែរ មិនមានរងរបួសដល់មនុស្សដែលអ្នកបើកបរនោះទេ ហើយក៏គេច ចេញទៅបាត់ទៅ ។ 

ក្រោយកើតហេតុនៅសល់តែរថយន្តដែលរងការខូចខាត ត្រូវសមត្ថកិច្ចមូលដ្ឋាន ប្រគល់ ឲ្យផ្នែកជំនាញចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដំណោះស្រាយ ៕