ខេត្តកណ្តាល ៖ 

ជនសង្ស័យម្នាក់លួចឆ័ត្ររបស់ប្រជាពលរដ្ឋ បានរយៈពេល៤ថ្ងៃ ក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនបាន នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ ស្ថិតនៅចំណុច ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះដែលត្រូវចោរលួចយកឆ័ត្រទៅបាត់នោះ មានឈ្មោះ លន់ បូរិន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះស៊ុន រស្មី ហៅម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្រោមស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រើសអេតចាយ និង មានសារធាតុញៀនក្នុងទឹកនោម(+) ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង០៦និង០០នាទី ជនរងគ្រោះ បានភ្ញាក់ពីដំណេកទៅរៀបចំឥវ៉ាន់លក់ដូរដូចសព្វដង។ ពេលនោះស្រាប់តែជនរងគ្រោះ បានបាត់ឆ័ត្រចំនួន១ មិនដឹងនរណាលួចយកទៅបាត់។ ភ្លាមនោះ ជនរងគ្រោះបានទៅឆែកកាំមេរ៉ាសុវត្តិភាពមើល ក៏ឃើញមានជនសង្ស័យចំនួន១នាក់ បានបើករ៉ឺម៉កម៉ូតូ មកឈប់នៅមុខផ្ទះរបស់ខ្លួន រួចបានធ្វើសកម្មភាពលួចឆ័ត្ររបស់ខ្លួនដាក់លើរ៉ឺម៉កជិះចេញទៅបាត់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់ដើម្បីឲ្យជួយស្រាវជ្រាវរកជនសង្ស័យ។ លុះដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ កំលាំងប៉ុស្តិ៍កំពង់សំណាញ់ បានល្បាត ក៏បានជួបជនសង្ស័យកំពុងបើករ៉ឺម៉ក ភ្លាមនោះបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានសារភាពថារូបខ្លួនពិតជា បានធ្វើសកម្មភាពបើករ៉ឺម៉កម៉ូតូលួចឆ័ត្ររបស់ជនរងគ្រោះយកទៅលក់ឲ្យអ្នកលក់ចាប់ហួយនៅជិតស្ពានព្រែកសំរោង បានលុយចំនួន១០០០០ (១ម៉ឺន)រៀល ប្រាកដមែន ៕