រាជធានីភ្នំពេញ ៖
សពឃាតករដែលបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ បន្ទាប់ពីវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈកាលព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៤នៅចំណុចស្តុប២០០៤ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ត្រូវបានគេប្រទះឃើញអណ្ដែតឡើងហើយ! កាលពីព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ ២០២៤នេះ នៅចំណុចមាត់ច្រាំងក្រោយសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សពឃាតកររូបនោះ ពុំស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយ តែគេស្គាល់ឈ្មោះ សុខ រំចង់ តាមរយៈនៃលិខិតបណ្ដាំចុងក្រោយដែលបានបន្សល់ទុកនៅលើស្ពានជ្រោយចង្វារបន្ទាប់ពីលោតសម្លាប់ខ្លួន។ ឃាតកររូបនោះ ត្រូវគេអះអាងថាជាប្ដីក្រោយរបស់ជនរងគ្រោះ តែប្ដីមុនពុំទាន់លែងគ្នាដាច់ស្រាចនៅឡើយ ។
បន្ទាប់ពីប្រទះឃើញសាកសពអណ្ដែតទឹក នគរបាលមូលដ្ឋាន ក៏បានស្រង់ឡើងមកលើគោក ហើយ ទាក់ទងទៅនគរបាលជំនាញចុះទៅត្រួតពិនិត្យ។ សពឃាតកររូបនោះពុំមានបងប្អូនមកទទួលយកទៅធ្វើបុណ្យនោះទេ ត្រូវបាននគរបាលបញ្ជូនទៅតំកល់នៅឈាបនដ្ឋានវត្តកប់ស្រូវ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
គូសបញ្ជាក់ថា ស្ត្រីជាអ្នកលក់ភេសជ្ជៈនិងទឹកសុទ្ធម្នាក់ ត្រូវបានឃាតករខាងលើ វាយសម្លាប់នឹងដែកថ្នាំងអំពៅកាលពីវេលាម៉ោងប្រមាណ៥និង៥៣នាទីព្រឹកថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៤នៅចំណុចស្តុប២០០៤ លើចិញ្ចើមផ្លូវណតប្រ៊ីតកែងផ្លូវ២០០៤ មុខការដ្ឋានកំពុងសាងសង់ធនាគារABA ក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះត្រូវសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ នាង ចិន្តា អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមបណ្តាំនារីរងគ្រោះអាចមានឈ្មោះមួយទៀត"ល័ក្ខណា" ដែលមានទំនាក់ទំនងស្នេហានិងឈានទៅសំពះផ្ទឹមជាមួយឃាតករបន្ទាប់មានការលែងលះជាមួយប្តីដើម ៕