ភ្នំពេញ ៖
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិកាតនគរបាលខណ្ឌដង្កោ និងមានការចូលរួមពីលោកវរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមក្មេងទំនើងរហ័សនាមឆ្កែ៤( D4) ចំនួន៧នាក់ ដែលបង្រ្កាបនិងចាប់ខ្លួនបាន ក្រោយក្រុមនេះ ចូលទៅកាប់ប្លន់យកស្លាកលេខម៉ូតូនៅក្នុផ្ទះជួលមួយកន្លែងនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង២៣យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។ ខណៈនោះ ក៏មានស្រ្តីម្នាក់ទៅយំអង្វរសុំឲ្យម្ចាស់ម៉ូតូលើកលែងឲ្យកូនប្រុសគាត់ និងសុំឲ្យនគរបាលដោះលែងកូនគាត់វិញផងដែរ ។
សមត្ថកិច្ចនគរបាល ដកហូតបានម៉ូតូជនសង្ស័យចំនួន៣គ្រឿង,កន្ទុយម៉ូតូជាប់ស្លាកលេខភ្នំពេញ1KU-6804មួយ, កាំបិតប៉័ងតោ១ ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ គ្មានស្លាកលេខ ១គ្រឿងដែលត្រូវជនសង្ស័យកាប់យកស្លាកលេខ, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅដែលត្រូវជនសង្ស័យកាប់យកស្លាកលេខ ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោ. សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរបាលសង្កាត់ព្រៃស និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់បាន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ គឺក្រោយពេលធ្វើសកម្មភាពរួច ត្រឹមតែរយៈពេល១០ម៉ោងប៉ុណ្ណោះ ។
ដោយមានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ. អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការសន្និសិទ្ធសារព័ត៌មានបង្ហាញមុខក្រុមជនសង្ស័យទាំង៧នាក់ខាងលើ មុនពេលបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី ៕