រាជធានីភ្នំពេញ ៖
បុរសម្នាក់ សង្ស័យស្រវឹង បានបើករថយន្តford ranger ជ្រុលទៅបុកជាមួយនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា១២និង៣០នាទីរំលងអាធ្រាត្រចូលចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ទល់មុខស្ថានទូតចិន ផ្លូវព្រះមុនីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យប្រហែលជាង៥០ឆ្នាំម្នាក់ បានបើករថយន្ត ម៉ាកford ranger ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BV 2227 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ដោយសង្ស័យថាអ្នកបើកបរស្រវឹងមើលផ្លូវមិនច្បាស់ ទើបធ្វើឲ្យរថយន្តជ្រុលទៅបុកជាមួយនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត រងការខូចខាតខ្ទេចផ្នែកខាងមុខចំហៀងខាងស្ដាំ ទៅមុខលែងរួច តែសំណាងល្អ ក្នុងហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ដោយឡែក ក្បាលនាគថ្មពុះចែកទ្រូងផ្លូវ វិញ រងការខូចខាតទ្រង់ទ្រាយដើមតិចតួចតែប៉ុណ្ណោះ។ ពាក់ព័ន្ធករណីនេះដែរ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍រង់ចាំប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍ ចាត់ការបន្ត ៕