ភ្នំពេញ ៖ 

បុរសម្នាក់ បានបើករថយន្តFORTUNER មួយគ្រឿងបោះពួយយ៉ាងលឿន ក៏បានរេចង្កូតជ្រុលទៅបុករទេះលក់សាច់អាំង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ហើយរថយន្តបង្ក មិនបានឈប់ដោះស្រាយនោះទេ ព្យាយាមបើករត់គេចចូលក្នុងផ្ទះ តែត្រូវសមត្ថកិច្ចតាមឃាត់បាន ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ ត្រូវនិងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ សព មានឈ្មោះ មិន វឿន ភេទ ប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅ ម្តុំចាក់អង្រែលើ មានស្រុកកំណើត នៅភូមិ ព្រៃជ្រៃ ឃុំ ព្រ ជ្រៃ ស្រុក ពោធិ៍រៀង ខេត្ត ព្រៃវែង ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក ម៉ាក FORTUNER ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កណ្តាល 2B-7966 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ។ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុករទេះលក់សាច់អាំង ដែលលក់ដោយបុរសរងគ្រោះនៅលើចិញ្ចើមផ្លូវ៦០ម៉ែត្រ យ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើងរទេះខ្ទាតសាច់និងសម្ភារៈលក់ដូរពាសពេញដងផ្លូវ ខូចខាតស្ទើរទាំងស្រុង ។

ចំណែកឯបុរសជាអ្នកលក់វិញ បានស្លាប់ក្បែរនិងរទេះលក់សាច់អាំង យ៉ាងអាណោច  អាធ័យម ហើយភ្លាមនោះដែរ រថយន្តបង្ក បានបន្តល្បឿនបើករត់គេចខ្លួនពីកន្លែងកើតហេតុ មកចូលសំងំនៅក្នុងផ្ទះ។ ក្រោយមក ប្រជាពលរដ្ឋក្បែរខាង បានរាយការណ៍ទៅសមត្ថកិច្ច ចុះមកធ្វើការឃាត់យករថយន្តបង្ក បានភ្លាមៗ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល ។

ចំណែកសពបុរសរងគ្រោះ សមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕