ខេត្តកណ្ដាល ៖ 

ម៉ូតូហុងដាមួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកអ្នកដើរឆ្លងថ្នល់ម្នាក់ កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៩និង៤០នាទី ត្រង់ចំណុចខាងមុខសាលាសង្កាត់សិត្បូ ខាងលើផ្លូវជាតិលេខ២១A ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នកដើរឆ្លងផ្លូវរងរបួសធ្ងន់ទាំង២នាក់ ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថាភាគីម៉ូតូ ម៉ាក HONDA PCX ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ1HC-7349 បើកបរដោយឈ្មោះ ងួន ផល្លី ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិស្វាយពងអង្ក្រង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅគ្លីនិកឯកជន ខណៈម៉ូតូបើកបរតាមបណ្ដោយផ្លូវជាតិលេខ២១A ទិសដៅពីត្បូងទៅជើង ។

លុះដល់ចំណុចកើតហេតុ ក៌បានបុកជាមួយអ្នកដើរឆ្លងផ្លូវម្នាក់ ឈ្មោះ កុល ស្រ៊ុន ភេទប្រុស អាយុ៦៥ឆ្នាំ បណ្តាលបុរសរូបនោះ របួសធ្ងន់ ត្រូវបានសាច់ញតិដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ។ ចំពោះមធ្យោបាយពាក់ព័ន្ធខាងលើ ត្រូវបានយកមករក្សាទុកនៅបុស្តិ៍នគរបាលរដ្ឋបាល សង្កាត់សិត្បូ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕