ខេត្តបាត់ដំបង ៖

កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ទុត វីនីត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចុះបង្ក្រាបករណីនាំចូលស្តុកចែកចាយ និងចរាចរផលិតផលសំបកកង់ម៉ូតូ និងពោះវៀនកង់ម៉ូតូម៉ាកIRC រំលោភសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន គង់ នួន គ្រុប ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចឃ្លាំងគ្មានលេខក្នុងភូមិសាស្ត្រផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិប្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមយោបល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្ត និងដោយបានការយល់ព្រមពី ឯ.ឧ កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងដែរ ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ ក្នុងការឆែកឆេរត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញនូវទំនិញមួយចំនួនរួមមាន៖ពោះវៀនកង់ម៉ូតូម៉ាក IRC ចំនួន ២០៦បេ ស្មើនិង១២,៣៦០(១ម៉ឺន២ពាន់៣រយ៦០) ពោះវៀន ,សំបកកង់ម៉ូតូម៉ាក IRC ចំនួន៥៦សំបក និង បានធ្វើកំណត់ហេតុដកហូតយកមករក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនស្ត្រីជាបុគ្គលិកគ្រប់គ្រងស្តុកទំនិញម្នាក់មកសាកសួរបំភ្លឺនៅស្នងការផងដែរ ៕