ភ្នំពេញ ៖
បុរសម្នាក់ បានបើករថយន្តម៉ាក Lexus LM350 មួយគ្រឿងឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកកង់បីឥណ្ឌាបើកឆ្លងផ្លូវដូចគ្នា ចំពាក់កណ្ដាលពេញទំហឹង ប៉ើងផ្ទប់និងរបងផ្ទះពលរដ្ឋ បណ្តាលឲ្យម្ចាស់កង់បី រងរបួសធ្ងន់ ចំណែកឯភ្ញៀវដែលរួមដំណើរជាមួយ រងរបួសស្រាល ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២:៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ កែងផ្លូវ ២១៤ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1IB-2584 បើកដោយបុរសម្នាក់ ជាតៃកុងនិងដឹកបុរសម្នាក់ទៀតជាភ្ញៀវនៅពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៥១ ក្នុងទិសដៅពីជើងទៅត្បូងឆ្លងផ្លូវបំបែកជាបួន ខណៈពេលឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក Lexus LM350 ពណ៌ខ្មៅពាក់ស្លាកលេខ កម្ពុជា HM.7828F បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ២១៤ ក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា ចំពាក់កណ្ដាលពេញជំងឺ ប៉ើងទៅផ្ទប់របងផ្ទះពលរដ្ឋ រងការខូចខាតនិងធ្វើឲ្យអ្នកបើកកង់បី រងរបួសធ្ងន់ផងដែរ។ ចំណែកភ្ញៀវ រួមដំណើរពីក្រោយគ្រាន់តែរងរបួស ស្រាល ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ រួចក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កទៅរក្សាទុកមួយជំហាន រង់ចាំឲ្យភាគីសង្ខារដោះស្រាយគ្នានៅពេលក្រោយ ៕