រាជធានីភ្នំពេញ ៖
បុរសម្នាក់ បានបើករថយន្តបង្កមួយគ្រឿង ម៉ាកLexus RX330 ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកសាច់គោ បណ្តាលឲ្យប៉ើងផ្ទប់និងដើមឈើ ធ្វើឲ្យមនុស្សប្រុសស្រី៣នាក់ជាម្ចាស់រ៉ឺម៉ក រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១:៣០នាទីរំលងអាធ្រានឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើត គេឃើញម៉ូតូ រ៉ឺម៉កដឹកសាច់គោមួយគ្រឿង ពាក់ស្លាកភ្នំពេញ 1W- 7556 បើកដោយបុរសម្នាក់រួមដំណើរជាមួយនិងមនុស្សពីរនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តបង្ក ម៉ាក Lexus RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AU-2603 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈ ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកសាច់គោពីក្រោយ យ៉ាងពេញទំហឹងប៉ើងទៅផ្ទប់និងដើមឈើមួយដើម បណ្តាលឲ្យមនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗចំណែកឯអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចធ្វើការឃាត់នៅនិងកន្លែងកើតហេតុដើម្បីរង់ចាំការដោះស្រាយ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការភាគីទាំងសងខាងដោះស្រាយនៅពេលក្រោយ ៕