ដូចដែលមហាជនបានជ្រាបស្រាប់ហើយ កាលពីប៉ុន្មានថ្ងៃមុននេះ គឺនៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រផ្តាច់ Miss Planet International 2024 ស្រាប់តែកញ្ញា ដេត ស្រីនាឌ ដែលជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា មិនមានវត្តមានចូលរួមហាត់សមឆាកជាមួយបេក្ខភាពដ៏ទៃទៀតនោះទេ។ ជាមួយគ្នានេះផងដែរ អតីតបវរកញ្ញាខាងលើ ក៏បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ពហិការមិនចូលរួមបន្តដំណើរជាមួយកម្មវិធីនេះទៀតឡើយ។ យោងតាមការបង្ហោះសារនេះ បានធ្វើឱ្យមហាជនជាច្រើនកើតជាចម្ងល់ទាក់ទងនឹងការដកខ្លួនយ៉ាងតក់ក្រហល់បែបនេះ និងមានការខឹងសម្បាទៅលើរូបនាងជាខ្លាំង ។
យ៉ាងណាមិញបន្ទាប់ពីកម្មវិធី Miss Planet International 2024 បានប្រកួតចប់ រំលងបានជាពីរ បីថ្ងៃ ស្រាប់តែអតីតបវរកញ្ញាភពផែនដីកម្ពុជាឆ្នាំ២០២៤ កញ្ញា ដេត ស្រីនាឌ ចេញមកបកស្រាយអំពីបញ្ហានៃការដកខ្លួនចេញពីការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ យ៉ាងដូច្នេះថា នៅពីក្រោយការប្រកួតសម្រស់មួយនេះមានរឿងជាច្រើនបានកើតឡើង ប៉ុន្តែនាងបានលើកយកចំនុចតូចមួយមកនិយាយប៉ុណ្ណោះ គឺនៅថ្ងៃថតឈុតតំណាងជាតិនៅប្រាសាទអង្គរវត្ត នាងមានការឈឺចាប់ជាខ្លាំង បន្ទាប់ពីមានអ្នកមើលងាយ និងមិនឱ្យតម្លៃ ដល់រូបនាង ក៏ដូចជាបងប្អូនខ្មែរដ៏ទៃទៀត។ អតីតបវរកញ្ញារូបនេះក៏បានបន្តឱ្យដឹងទៀតថា នាងមិនចង់លើកយករឿងស៊ីជម្រៅជាងនេះមកធ្វើការបកស្រាយនោះទេ ព្រោះបើកាលណាកាន់តែនិយាយ នោះគឺប្រៀបដូចជាការហែកទ្រូងឱ្យក្អែកចឹកអ៊ីចឹងដែរ ។
ជាចុងក្រោយ កញ្ញា ដេត ស្រីនាឌ បានធ្វើការសុំទោស និងសុំការយោគយល់ពីមហាជន នូវការសម្រេចចិត្តដកខ្លួនចេញពីការប្រកួតភ្លាមៗ និងមិនអាចសម្រេចគោលដៅរបស់ខ្លួន និងបងប្អូនខ្មែរផ្សេងទៀតបាន ៕