កីឡាករគុនខ្មែរប្រភេទទម្ងន់ធ្ងន់គឺលោក ព្រំ សំណាង បានប្រកាសថា ចាប់ពីពេលនេះតតទៅ លោកនឹងដកថ្លៃខ្លួនចំនួន $100 ជារៀងរាល់ប្រកួត ដើម្បីបរិច្ចាគទៅដល់មូលនិធិកុមារកំព្រាតាមរយៈសប្បុរសជនម្នាក់គឺលោក ផន ផល្លា។
កីឡាករ ព្រំ សំណាង បាននិយាយថា ចំនួននេះមិនច្រើនប៉ុន្មានឡើយ ប៉ុន្តែលោកចង់ចូលរួមចំណែកបន្តិចបន្តួចនេះដើម្បីក្តីសង្ឃឹមរបស់កុមារកំព្រានៅកម្ពុជា។
ព្រំ សំណាង ក៏បានប្រាប់ឲ្យដឹងថា មូលហេតុដែលខ្លួនសម្រេចជ្រើសយកលោក ផន ផល្លា ព្រោះមើលឃើញពីការខិតខំប្រឹងប្រែងរបស់គាត់ដែលបានខ្នះខ្នែងជួយកុមារកំព្រា និងទុរគតជននៅកម្ពុជាអស់ជាច្រើនឆ្នាំកន្លងមកនេះ។ ដូច្នេះ ក្នុងនាមជាខ្មែរដូចគ្នា លោកពិតជាចង់ជួយសម្រួលបន្ទុកខ្លះដល់លោក ផន ផល្លា។
តាមពិតទៅ នេះមិនមែនជាលើកដំបូងទេដែលកីឡាករគុនខ្មែរចូលរួមជួយដល់សង្គម ខណៈកន្លងមក ក៏មានកីឡាករគុនខ្មែរមួយចំនួនបានយកថ្លៃខ្លួនរបស់ពួកគេទៅជួយសង្គមតាមរយៈសកម្មភាពមនុស្សធម៌នានាផងដែរ។
ក៏សូមបញ្ជាក់ផងដែរថា កីឡាករ ព្រំ សំណាង នឹងឡើងប្រកួតដណ្តើមខ្សែក្រវ៉ាត់នៅក្នុងកម្មវិធី Wurkz អ្នកចម្បាំងគុនខ្មែរនៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស នាល្ងាចថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយត្រូវប៉ះជាមួយកីឡាករ ទ្រុង ឈុក ហុង មកពីប្រទេសវៀតណាម ក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម៕