យោងតាមវីដេអូ ដែលបង្ហោះលើហ្វេសប៊ុករបស់លោក Keisuke Honda អតីតអ្នកចាត់ការក្រុមរូបនេះ បញ្ជាក់ថា ពានរង្វាន់ 4v4 Asian Cup នឹងធ្វើនារដូវក្ដៅ ឆ្នាំ២០២៥ នៅប្រទេសជប៉ុន។ ទោះយ៉ាងណា លោក Honda មិនបានបញ្ជាក់ច្បាស់ ពីកាលបរិច្ឆេទឡើយ។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើង បានរយៈពេល ២ឆ្នាំ។

នេះគឺជាឆ្នាំដំបូង ដែលអតីតអ្នកចាត់ការរូបនេះ បានបង្កើតឲ្យមានបាល់ទាត់ ៤ទល់៤នៅ  កម្ពុជា។ សៀមរាបយូណាយធីត U10 បានឈ្នះជាជើងឯក ក្នុងពានរង្វាន់នេះ ហើយនឹងទទួលបានកៅអីទៅប្រកួត នៅក្នុងពានរង្វាន់ 4v4 Asian Cup នៅប្រទេសជប៉ុន នារដូវក្ដៅខាងមុខនេះ។ ការទទួលបានកៅអីនេះ គឺបន្ទាប់ពីក្រុមសៀមរាបយូណាយធីត U10 បានយកឈ្នះ Young Dragon U10 ក្នុងវគ្គផ្ដាច់ព្រ័ត្រ លទ្ធផល៥-៤។ 

ការប្រកួតនេះ មានរយៈពេលតែ១០នាទីប៉ុណ្ណោះ។ លទ្ធផលនៃការប្រកួត១០នាទីនោះ គឺក្រុមទាំង២ស្មើគ្នា លទ្ធផល ៤-៤។ ដោយឡែក បាល់កាត់សេចក្ដី គឺទាត់តែមួយជើងប៉ុណ្ណោះ។ សៀមរាបយូណាយធីត បានឈ្នះ ដោយបាល់កាត់សេចក្ដីនេះ នាំឲ្យលទ្ធផល៥-៤។

ចំណែកលោក វ៉ាន់ ពិសិដ្ឋ គ្រូបង្វឹកសៀមរាបយូណាយធីតអាយុក្រោម១០ឆ្នាំ បានប្រាប់ថា ការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតសម្រាប់ក្មេងៗ គឺល្អសម្រាប់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ព្រោះក្មេងៗបានបញ្ចេញសមត្ថភាព របស់ពួកគេ។

គ្រូបង្វឹកដដែល បានបន្តថា៖«លោកចាប់អារម្មណ៍ថា ក្មេងៗលេងបាល់ទាត់មានច្រើន ហើយកម្រិតក៏ខុសៗគ្នា។ នៅកម្ពុជា មានក្រុមក្មេងៗលេងច្រើន ដែលល្អសម្រាប់ការអភិវឌ្ឍ។ យើង ចង់ឲ្យមានការប្រកួតច្រើន ហើយទូលំទូលាយបំផុតដើម្បីអភិវឌ្ឍសមត្ថភាពក្មេងៗ។ ពេលយើង មកប្រកួតនៅទីនេះមានក្រុមច្រើន ហើយយើងបានប្រកួតច្រើន ហើយយើងបានដឹងពីសមត្ថភាពពិតប្រាកដរបស់យើង។»។

ជាមួយគ្នានេះ លោក Keisuke Honda ដែលជាម្ចាស់កម្មវិធីប្រកួតនេះ ជឿថាកុមារថ្នាលទាំងនេះ នឹងអាចជួយក្រុមជម្រើសជាតិកម្ពុជា មានកៅអីលេងក្នុងពានរង្វាន់ FIFA World Cup នាពេលអនាគត។