លោក វ៉ាន់ ពិសិដ្ឋ គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១០ឆ្នាំ សៀមរាបយូណាយធីត បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការរៀបចំពានរង្វាន់បាល់ទាត់ ៤ ទល់ ៤ នៅកម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីលោកបានដឹកនាំកូនក្រុម ចូលរួមព្រឹត្តិការណ៍នេះ រយៈពេល ១ថ្ងៃពេញ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ នៅទីលានវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីលោក Keisuke Honda អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ស្របពេលក្រុមយុវជន U10 សៀមរាបយូណាយធីត បានគ្រងជើងឯក និងទទួលបានកៅអីចូលរួមប្រកួត 4v4 Asian Cup នៅប្រទេសជប៉ុន នាពេលខាងមុខ ក្រោយយកឈ្នះក្រុមយុវជន U10 Young Dragon ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។

ក្រោយចប់ការប្រកួតលោក វ៉ាន់ ពិសិដ្ឋ បានសម្ដែងក្ដីរីករាយ និងគាំទ្រចំពោះការរៀបចំការប្រកួតនេះ ដើម្បីផ្ដល់ឱកាសឲ្យយុវជនរបស់ខ្លួន បានបង្ហាញ និងវាស់ស្ទង់សមត្ថភាពជាមួយបណ្ដាក្រុមផ្សេងៗ នៅភ្នំពេញ ។ លោកថា នេះគឺជាចំណុចសំខាន់ នៃការអភិវឌ្ឍន៍បាល់ទាត់ ដ្បិតក្រៅពីការហ្វឹកហាត់ ការប្រកួតច្រើន គឺជាការចាំបាច់ ដែលក្រុមលោក ក៏ដូចជាយុវជនដទៃ ត្រូវបង្ហាញពីទេពកោសល្យរបស់ខ្លួន ។ ដូច្នេះលោកអំពាវនាវដល់សហព័ន្ធ ក្លិប និងសប្បុរសជន ដែលមានបេះដូងស្រលាញ់បាល់ទាត់ ចូលរួមរៀបចំកម្មវិធីបែបនេះឲ្យបានច្រើន ដើម្បីជំរុញការអភិវឌ្ឍបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត ។

ថ្លែងក្នុងពិធីបិទការប្រកួតនេះដែរ លោក Keisuke Honda បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី 4v4 នៅកម្ពុជា ដែលជាក្ដីសុបិន្ដមួយរបស់លោក ក្នុងការចង់ឃើញបាល់ទាត់កម្ពុជារីកចម្រើន និងបានលេងនៅ World Cup ។ តាមរយៈកម្មវិធីនេះ លោកសង្ឃឹមថា កីឡាករយុវជនចូលរួម នឹងក្លាយជាធនធានកីឡាករជម្រើសជាតិនាថ្ងៃអនាគត ។ លោកបានសំណូមពរឲ្យបន្ដគាំទ្រពួកគេ ដើម្បីលើកទឹកចិត្តពួកគេឲ្យរីកចម្រើន និងឈានទៅសម្រេចក្ដីស្រម៉ៃក្លាយជាកីឡាករអាជីព ក៏ដូចជាកីឡាករជម្រើសជាតិផងដែរ ។

គួរដឹងថា ពានរង្វាន់ 4v4 Cambodia លើកដំបូងនៅកម្ពុជា គឺមាន ៣២ក្រុមចូលរួម ។ ចំពោះចំណុចពិសេសនៃការប្រកួត គឺផ្តោតលើការសម្រេចចិត្តរបស់កុមារ ដោយប្រើសមត្ថភាពដ៏អស្ចារ្យដើម្បីយកឈ្នះដៃគូ ដោយគ្មានការដឹកនាំពីសំណាក់គ្រូបង្វឹកក្នុងតំបន់បច្ចេកទេស ឬបញ្ជាពីចម្ងាយឡើយ ។ ក្រោយឆ្លងកាត់ការប្រកួតពេញ ១ថ្ងៃ គឺក្រុមយុវជន U10 សៀមរាបយូណាយធីត បានគ្រងជើងឯក ក្រុមបាល់ទាត់យាំង ត្រាហ្កន ទទួលបានចំណាត់ថ្នាក់លេខ២   ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវទទួលបានចំណាត់ថ្នាក់លេខ៣ គួរបញ្ជាក់ថា ក្រុមយុវជន U10 សៀមរាបយូណាយធីត និងទទួលបានសំបុត្រយន្ដហោះដើម្បីចូលរួមការប្រកួតជុំផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ 4v4 Asian Cup នៅប្រទេសជប៉ុន នារដូវក្ដៅខាងមុខទៀតផង ៕