គិតត្រឹមថ្ងៃអង្គារ ទី21 ខែមករា ចំនួនមនុស្សដែលស្លាប់ ដោយអគ្គីភ័យដែលឆាបឆេះសណ្ឋាគាររបស់រមណីយដ្ឋានជិះស្គីមួយកន្លែងលើភ្នំ បូឡូ (Bolu) របស់ប្រទេសតួរគី បានកើនឡើងដល់ 76 នាក់ហើយ ខណៈដែលរាប់សិបនាក់ទៀតរងរបួស ព្រមទាំងបង្ខំឲ្យភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារនេះ ភ័យស្លន់ស្លោលោតចេញពីបង្អួចទាំងកណ្តាលយប់។ រដ្ឋមន្ត្រីមហាផ្ទៃរបស់ប្រទេសតួរគី បាននិយាយថា នៅមុនពេលកើតហេតុ មានភ្ញៀវចំនួន 238 នាក់ស្នាក់នៅក្នុងសណ្ឋាគារនេះ ហើយអាជ្ញាធរកំពុងធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណសាកសពមួយចំនួនដែលបានរកឃើញ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ការស៊ើបអង្កេតមួយកំពុងដំណើរការធ្វើឡើង ជុំវិញការឆាបឆេះនេះ ដោយមនុស្ស 9 នាក់ត្រូវបានចាបខ្លួន។