ប្រាយ វ៉ាឈិរ៉ាវីត គឺជាកំពូលតារារបស់ប្រទេសថៃ ដែលមានឥទ្ធិពលចំពោះវិស័យហ្វេសសិនលំដាប់ថ្នាក់ពិភពជាខ្លាំង ដោយកាលពីខែវិច្ឆិកាកន្លងទៅ តារាប្រុសរូបនេះបានមានឱកាសចូលរួមកម្មវធី អេអ៊ឹមអាយ ប៉ារីស (AMI Paris) នៅ ស្យាមផារ៉ាហ្គន ប្រទេសថៃ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ផលិតកម្ម ខ្លោតណាយអ៊ីនធឺធិនមែន (Cloud9 Entertainment) បានចេញមកប្រកាសពីតារាងការងាររបស់ ប្រាយ សម្រាប់ឆ្នាំ២០២៥នេះ ហើយអ្វីដែលមហាជនកំពុងចាប់អារម្មណ៍នោះគឺប្រុសស្អាតរូបនេះនឹងត្រូវទៅចូលរួមកម្មវិធីប៉ារីសហ្វេសសិនជាលើកដំបូងដើម្បីចូលរួមទស្សនាការដើរហ្វេសសិនរបស់ អេអ៊ឹមអាយ ប៉ារីស ហ្វល វីនធឺ (AMI Paris Fall Winter ) ឆ្នាំ២០២៥ ដោយ ហ្វោនដឺ អ៊ែន ក្រីអ៊ែតធីវ ដាយរិកទ័រ “អាឡិចសាន់ដ្រេ ម៉ែតទុយស៊ី” (Founder & Creative Director “ALEXANDRE MATTIUSSI”)។ កម្មវិធីនេះនឹងរៀបចំធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៨.៣០ នាទីយប់ (ម៉ោងនៅទីក្រុងប៉ារីស)។
គួរឱ្យដឹងដែរថា ប្រាយ វ៉ាឈិរ៉ាវីត ចាប់ផ្តើមល្បីឈ្មោះ និងមានមហាជនស្គាល់ច្រើននៅទូទាំងពិភពលោកតាមរៈខ្សែភាពយន្តបែប BL រឿង ធូហ្គេតដឺ (2gether) ចាក់ផ្សាយនៅលើប៉ុស្តិ៍ GMMTV៕