ព្រឹត្តិការណ៍រត់ចម្ងាយឧបសគ្គ Angkor Ultra Trail លើកទី៨ ដែលមានចំនួនវិញ្ញាសារត់សរុប ៨វិញ្ញាសា ពោលគឺ ១០០គីឡូម៉ែត្រ, ៦៤គីឡូ, ៤២គីឡូ, ៣២គីឡូ, ១៨គីឡូម៉ែត្រ ៣ប្រភេទវិញ្ញាសា និង ៨គីឡូម៉ែត្រ មានអ្នករត់ចូលរួមប្រមាណជាង ១ ៨០០នាក់ មកពីចំនួន ៥០ប្រទេសផ្សេងៗគ្នា លើពិភពលោក។ ការប្រកួតចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានឈ្មោះថា អ៊ុលត្រា ត្រេល(Ultra Trail ) ក៏មានវត្តមាននារីខ្មែរ ចំនួន ៧រូប ចូលរួមរត់ផងដែរ។
ជាមួយនឹងការរត់ចម្ងាយច្រើនគីឡូម៉ែត្រ ឆ្លងកាត់តាមតំបន់ព្រៃឈើ ឡើងចុះភ្នំ រត់កាត់វាលស្រែចំការ ផ្ទះអ្នកស្រុករស់នៅតំបន់អង្គរ ព្រមទាំងរត់ឆ្លងកាត់តាមប្រាសាទបុរាណនានា ការរត់នេះបានធ្វើឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍ និងអារម្មណ៍ថ្មីប្លែកខុសពីការរត់ចម្ងាយធម្មតា។
អ្នករត់ខ្លះបានឆ្លៀតពេលថតរូបទេសភាព តាមទីតាំងដែលខ្លួនបានរត់កាត់ ជាពិសេសការថតរូបភាពប្រាសាទ និងចម្លាក់ផ្សេងៗ។ អ្នករត់បរទេសភាគច្រើន បានធ្វើដំណើរមកប្រទេសកម្ពុជា ៣ ឬ ៤ថ្ងៃ មុនពេលព្រឹត្តិការណ៍ចាប់ផ្តើម ដើម្បីត្រៀមខ្លួន និងស្វែងយល់ពីបរិយាកាសនៅតំបន់អង្គរ ខេត្តសៀមរាប។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីប្រគល់ពានរង្វាន់ដល់អ្នករត់ដែលទទួលបានជ័យលាភីពីវិញ្ញាសានីមួយៗ ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា ព្រឹត្តិការណ៍ Angkor Ultra Trail នេះបានរួមចំណែកយ៉ាងសំខាន់បំពេញបន្ថែមទៅលើកត្តាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការចូលរួមលើកស្ទួយវិស័យកីឡារត់នៅកម្ពុជា និងផ្សព្វផ្សាយយ៉ាងទូលំទូលាយពីទេសចរណ៍ខេត្តសៀមរាប ទៅកាន់ពិភពលោក។
គួររំឭកថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ ២០២៥ មានអ្នកចូលរួមរត់ជាង ១ ៨០០នាក់ ដែលចំនួននេះមានការកើនឡើងខុសពីឆ្នាំ ២០២៤ ដែលមានអ្នករត់ត្រឹមតែជាង ១ ៥០០នាក់៕