ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៨ ឬ Angkor Ultra Trail 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករា នៅខេត្តសៀមរាប ។ 

ឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំងជាលក្ខណៈអន្តរជាតិនេះនឹងរួមចំណែកសំខាន់ក្នុងការជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់តំបន់អង្គរបេតិកភណ្ឌពិភពលោក, ជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ និងគម្រោងមនុស្សធម៌ ។

 

ជាក់ស្ដែងសម្រាប់អ្នកចូលរួមដែលបានចុះឈ្មោះគិតត្រឹមថ្ងៃទី០៥ ខែមករា មាន១៣៦៨នាក់ មកពី៤៤ប្រទេស ខណៈគណៈកម្មការរៀបចំរំពឹងថា នឹងមានអ្នកចូលរួមសរុបខ្ទង់១៧០០នាក់។ វិញ្ញាសាប្រកួតមាន ១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ និង និង៨គីឡូម៉ែត្រ។ អ្វីគួរកត់សម្គាល់ថែមទៀតនោះ គឺវិញ្ញាសា១០០គីឡូម៉ែត្រ មានអ្នករត់ជាជនជាតិខ្មែរ២៥ភាគរយ ដែលក្នុងនោះមានស្ត្រីចំនួន៥រូប ។

ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៦ ហើយចំនួនអ្នកចូលរួមមកពីក្រៅប្រទេសកើនឡើងជាបន្តបន្ទាប់ ចាប់ពីជាង២០០នាក់ដល់ជាង១០០០នាក់នាពេលបច្ចុប្បន្ន។ តួលេខនេះបានបង្ហាញថា កម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និង សុវត្ថិភាពពេញលេញ ព្រោះអាចរត់ប្រណាំងកាត់ព្រៃ និងចុងកាត់មាត់ញក ទាំងយប់ ដោយមិនបារម្ភ ។ អ្នកចូលរួមកាន់តែច្រើន និងពីប្រទេសកាន់តែច្រើនក៏អាចផ្សព្វផ្សាយបានពីតំបន់ទេសចរណ៍នានានៅកម្ពុជា ។