ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សង្ឃឹមជឿជាក់ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ អង្គរ អ៊ុលត្រា ត្រេល (Angkor Ultra Trail) នៅតំបន់ឧទ្យានអង្គរ នឹងមានអ្នកចូលរួមកាន់តែច្រើននាពេលក្រោយៗទៀត ដើម្បីចូលរួមអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ ជាមួយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ការលើកឡើងនេះ បន្ទាប់ពី ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់ជ័យលាភី នៃព្រឹត្តិការណ៍ អង្គរ អ៊ុលត្រា ត្រេល (Angkor Ultra Trail) លើកទី៨ នៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅ ទីលានជល់ដំរី ក្រោយបញ្ចប់ការរត់ដោយជោគជ័យ បន្ទាប់ពីអត្តពលិក តាមវិញ្ញាសានីមួយៗ បានចេញដំណើរ តាំងពីព្រឹកព្រលឹម ពិសេសវិញ្ញាសារត់ ១០០គីឡូម៉ែត្រ និង ៦៤គីឡូម៉ែត្រ ដែលបានចេញដំណើរ តាំងពីម៉ោង ៤ទាបភ្លឺថ្ងៃសៅរ៍នេះ ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ និងអន្ដរជាតិទាំងអស់ ដែលបានចូលរួមព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំនេះ ពោលគឺមានអត្តពលិក ចុះឈ្មោះសរុបចំនួន ១,៧២០នាក់ មកពី ៥០ប្រទេស កើនឡើង ១៥% ធៀបនឹងឆ្នាំ២០២៤ ដែលប្រទេសចូលរួមច្រើនជាងគេ គឺមានបារាំង, កម្ពុជា, វៀតណាម, ថៃ និងអាមេរិកជាដើម ។
ឯកឧត្តម បណ្ឌិត បានបន្ដថា «យើងសង្ឃឹមជឿជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦ ខាងមុខនេះ នឹងមានអត្តពលិកចូលរួមកាន់តែច្រើនថែមទៀត ជាមួយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនរបស់រាជរដ្ឋាភិបាល ជាអាទិ៍ការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” ក្នុងទិសដៅជំរុញការអភិវឌ្ឍតំបន់សៀមរាប-អង្គរ និងតំបន់ជុំវិញជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនាទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស”...» ។
ឯកឧត្តម បណ្ឌិត បន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ រៀបចំឡើង ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ ចលនាកីឡា ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ដែលវាជាព្រឹត្តិការណ៍ដ៏កម្រ និងអស្ចារ្យ ដោយអ្នកចូលរួមត្រូវរត់កាត់តាមព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់ឆ្លងកាត់តាមប្រាសាទបុរាណជាច្រើននៅតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក ។
ទន្ទឹមជាមួយគ្នា ឯកឧត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានបន្ដកិច្ចសហការជាមួយ NOCC រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញនេះប្រកបដោយជោគជ័យ ក្រោយទទួលបានការគាំទ្រ និងអនុញ្ញាតពីរាជរដ្ឋាភិបាល ហើយលោកក៏បានថ្លែងអំណរគុណ ចំពោះអត្តពលិកជាតិ-អន្ដរជាតិទាំងអស់ ដែលបានបន្ដចូលរួមគាំទ្រ និងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡានេះផងដែរ ៕