ខេត្តកណ្តាល ៖ 

គ្រោះថ្នាក់ចរាចរ រវាងម៉ូតូនិងម៉ូតូ ដែលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតមនុស្សម្នាក់ និងជនបង្ក រងរបួសស្រាល ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន  កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី០១ខែមករាឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវលេខ 70B ស្ថិតក្នុងភូមិព្រែកក្របៅទី(២) សង្កាត់ព្រែកអំពឹល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ 

លោកវរសេនីយ៍ទោ រស់ ដាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានឲ្យដឹងថា÷ ជនរងគ្រោះរងរបួសធ្ងន់រហូតដល់ស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យ មានឈ្មោះ ចិន សុផល ភេទប្រុសអាយុ៥៥ឆ្នាំ ជិះម៉ូតូម៉ាក HONDA DEAM C125 ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1W- 2174 មានទីលំនៅភូមិព្រែកថោង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល បើកបរម៉ូតូទិសដៅពីជើងទៅត្បូង ។ 

ចំនែកជនបង្ក ឈ្មោះ វី សុខវុធ ភេទប្រុសអាយុ២២ឆ្នាំ រងរបួសស្រាល ជិះម៉ូតូម៉ាកSCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KH - 4345 មានទីលំនៅភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពឹល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន បើកបរម៉ូតូទិសដៅពីត្បូងទៅជើង  បញ្ច្រាស់ទិសគ្នា ។   

តាមការសន្និដ្ឋានបឋម គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូម៉ាក Honda Scoopy បើកបរចូលចំណែកផ្លូវនៃយាន្តម្ខាងទៀតដោយខ្វះការប្រុងប្រយត្ន័ ។

ចំពោះមធ្យោបាយធ្វើដំណើរទាំងពីរបានយកមករក្សាទុកនៅអធិការដ្ធាននគរបាលក្រុងអរិយក្សត្រ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕