ខេត្តបាត់ដំបង ៖
យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី០២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០៣គ្រឿងបុកគ្នានៅវេលាម៉ោង ១០និង០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1D-4665 បើកបរដោយប្តីប្រពន្ធពីរនាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង។ ភ្លាមនោះ ក៏មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AJ-2924 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាបានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយហោះអូសទៅប៉ះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿងផ្សេងទៀត ដែលមានផ្លាកលេខ បាត់ដំបង 1X-2600 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច បណ្តាលអោយដួលស្លាប់និងរបួស០៣នាក់តែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរភ្លាមៗ ចំណែកសាកសពត្រូវបានធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងបីត្រូវបាននគរបាលជំនាញវាស់វែងអនុវត្តតាមផ្លូវច្បាប់ ៕