ភ្នំពេញ៖
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា នៅវេលាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបន្តដាក់កម្លាំងនិងគ្រឿងចក្រ ធ្វើការរុះរើសំណង់សំយ៉ាបផ្ទះ រោងលក់ដូរ និងខឿនជាដើម ដែលប្រជាពលរដ្ឋបានសង់រំលោភលើចិញ្ចើមផ្លូវ ឃ្យូ អឹម អាយ (QMI) ចាប់ពីចំណុចមុខរោងចក្រឃ្យូ អឹម អាយ ស្ថិតភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបើកផ្លូវនេះឲ្យបានធំទូលាយ កាត់បន្ថយការកកស្ទះចរាចរណ៍។
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា ផ្លូវឃ្យូ អឹម អាយ(QMI)នេះ តត្ជាប់ពីផ្លូវជាតិលេខ៤ មុខវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ ភូមិជម្ពូវ័ន២ និងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានប្រវែងជិត៣គីឡូម៉ែត្រ និងទទឹងប្រវែង១៨ម៉ែត្រ ប៉ុន្តែត្រូវបានរួមចង្អៀតដោយសារតែបងប្អូនប្រជាពលរដ្ឋសាងសង់សំណង់ផ្សេងរំលោភលើចិញ្ចើមផ្លូវទាំងសងខាងដូចជាសំយ៉ាបផ្ទះ កន្លែងម៉ូតូ រោងលក់បាយ កាហ្វេ តូបលក់បន្លែ ផ្លែឈើ ត្រីសាច់ សម្លៀកបំពាក់ជាដើម ធ្វើឲ្យកកស្ទះចរាចររាល់ថ្ងៃ ហើយក៏ចាក់សាបដែលចាក់បិទលើគម្របលូទៀតផង ។
លោកអភិបាលរងខណ្ឌ បាននិយាយទៀតថា កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ លោក បានដឹកនាំកម្លាំងចុះធ្វើការវាស់វែងកំណត់ដីចំណីផ្លូវនោះឡើងវិញ និងបានទុកពេល១អាទិត្យសម្រាប់ឲ្យប្រជាពលរដ្ឋរុះរើសំណង់ទាំងនោះដោយខ្លួនឯង ។ ប៉ុន្តែពុំមានអ្នករុះ។
ទើបនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌបានដាក់កម្លាំងចុះទៅធ្វើការរុះរើចាប់ពីផ្លូវជាតិលេខ៤ ដល់មុខរោងចក្រឃ្យូ អឹមអាយ ហើយរុះបានប្រវែង៧៥០ម៉ែត្រ ។
លុះដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានដាក់កម្លាំងនិងគ្រឿងចក្របន្តចុះធ្វើការរុះរើចាប់ពីមុខរោងចក្រឃូ អឹម អាយ ទៅដល់មុខព្រះវិហារឥស្លាម ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ប្រវែង១៨០០ម៉ែត្រទៀត ។ ដើម្បីទុកឲ្យមានចិញ្ចើមផ្លូវសម្រាប់ឲ្យអ្នកដំណើរថ្មើរជើងដើរ និងងាយស្រួលក្នុងការស្ដារលូ ឬ ពង្រីកផ្លូវនាពេលខាងមុខផងដែរ ៕