ឯកឧត្តម យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានលើកឡើងថា វិស័យកីឡាជាការទូតសុឆន្ទៈ ជាឧស្សាហកម្មគ្មានផ្សែងមួយ ក្នុងការនាំភ្ញៀវទេសចរផ្សព្វផ្សាយកិត្តិសព្ទកម្ពុជាទៅលើឆាកអន្តរជាតិ។នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងបទសម្ភាសន៍មួយ ក្រោយបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានប្រារព្ធធ្វើឡើងពេញមួយថ្ងៃ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
ឯកឧត្តម យី វាសនា បានគូសបញ្ជាក់ថា នេះជាការងារចាំបាច់ណាស់ ដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាតែងតែបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យមើលលើសមិទ្ធផលការងារឆ្នាំចាស់កន្លងទៅ ហើយយើងសិក្សារួមគ្នាថាតើមានគោលបំណងអ្វីខ្លះ ផែនការយុទ្ធសាស្ត្រអ្វីខ្លះទៀត សម្រាប់ការអនុវត្តបន្តនៅឆ្នាំ២០២៥នេះ។ យើងឃើញហើយ ក្នុងសន្និបាតនេះមានតំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត តំណាងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងកីឡាករ កីឡាការិនីគ្រប់សហព័ន្ធកីឡាជនពិការទាំងអស់ក៏បានចូលរួមនៅទីនេះដែរ។
អ្វីដែលពិសេស គឺគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាទទួលបានព្រះរាជក្រឹត្យថ្មី នៅដើមខែមករា ឆ្នាំ២០២៥ ដើម្បីដំណើរការសកម្មភាពអភិវឌ្ឍន៍របស់ខ្លួន ដោយមានសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំជាប្រធាន សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស និងមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីជាច្រើនរូបជាអនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត ជាសមាជិក។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា នៅក្នុងសន្និបាតនេះ មានភាគីពាក់ព័ន្ធ រួមទាំងសហព័ន្ធកីឡាជនពិការទាំងអស់បានធ្វើរបាយការណ៍អំពីសមិទ្ធផលការងារឆ្នាំចាស់ និងបញ្ហាប្រឈម ព្រមទាំងលើកទិសដៅសំខាន់ៗ សម្រាប់ឆ្នាំ២០២៥ រួមទាំងគោលដៅត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគាំទ្ររួចហើយ។
បន្ថែមមពីលើនេះ ឯកឧត្តម យី វាសនា ក៏បានបង្ហាញភាពកក់ក្តៅយ៉ាងខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជនពិការទូទាំងប្រទេស ព្រមទាំងអត្តពលិកពិការផងដែរ។