ភ្នំពេញ ៖ 

តាមនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថាជនជាតិចិន០២នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់នារីៗញាត់ចូលក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ និង រំដោះបាននារីរងគ្រោះដោយសុវត្ថិភាព។ 

តាមនគរបាល បានឲ្យដឹងថាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG (ហូ ធី លុង) ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជាជនជាតិចិន។ 

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ  នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧និង៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, 

វរៈសេនីយ៍ឯក ហែម បូណា និងវរៈសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ដោយកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះ បានចំនួនម្នាក់ ឈ្មោះ ZHAO KANG LI(ចៅ កាងលី) ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន ព្រមទាំងឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ត្រងចំណុចបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ជនសង្ស័យខាងលើ បានសារភាពថា ពួកខ្លួនដែលចូលរួមធ្វើសកម្មភាព មានគ្នាចំនួន ៣នាក់ ដោយបានធ្វើសកម្មភាពចាប់ស្រ្តីជនជាតិចិននិងវៀតណាម ដាក់ចូលក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ចំនួន៦ករណី មកហើយ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៍បានក្រើនរំលឹក និងអំពាវនាវឲ្យបណ្ដាផ្ទះសំណាក់ សណ្ឋាគារទាំងអស់ នៅពេលឃើញអ្នកអូសវ៉ាលីធំៗខុសប្រក្រតី សូមរាយការណ៍មកកាន់សមត្ថកិច្ច ជាបន្ទាន់៕