បាត់ដំបង ៖ 

យ៉ាងហោចណាស់ មនុស្សប្រុសស្រី០២នាក់ បានរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកកង់នៅវេលាម៉ោង ០៧និង០០នាទី ថ្ងៃទី២៨ .ខែមករា ២០២៥ នៅតាមបណ្តោយផ្លូវកៅស៊ូមួយកន្លែងស្ថិតក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

ប្រជាពលរដ្ឋ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងកង់០១គ្រឿងជិះដោយស្ត្រីចំណាស់ម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងប្តូរទិស ភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅគ្មានផ្លាកលេខមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងបានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់ទាំង០២នាក់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង០២គ្រឿងត្រូវបានកម្លាំងនគរបាលជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕