បន្ទាប់ពីប្រជែងមេដាយអស់រយៈពេល៥ថ្ងៃរួចមក សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានរកឃើញម្ចាស់ជើងឯកហើយ នៃការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួន និងការប្រកួតអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៥។ ដោយក្រុមកីឡាករ-កីឡាការិនី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដណ្តើមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ២ គ្រឿង ។
អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាលោក ហេង សុខជាតិ មានប្រសាសន៍ថា៖ ដោយអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី៣ ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ខែមករា ឆ្នាំ២០២៥ ។
ការប្រកួតចាប់ពីថ្ងៃទី២ ដល់៦ ខែមករា ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមាន២១ ក្លិប និងសមាគម លើ ៧ វិញ្ញាសា ។ វិញ្ញាសាទំាង ៧ រួមមានវិញ្ញាសាក្រុមបុរស “ក១” វិញ្ញាសាគូបុរស “ក១” វិញ្ញាសាឯកត្តជនបុរស “ក១” វិញ្ញាសាឯកត្តជននារី វិញ្ញាសាក្រុមយុវជន “ក២” អាយុក្រោម១៨ឆ្នាំ វិញ្ញាសាគូយុវជន “ក២” អាយុក្រោម ១៨ឆ្នាំ និង វិញ្ញាសាឯកត្តជនបុរស “ក២”អាយុក្រោម១៨ឆ្នាំ ។
គួរបញ្ជាក់ផងដែរថា៖ ចំណាត់ថ្នាក់លេខ២បានទៅ ក្រសួងការពារជាតិដណ្តើមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង ។ ចំណាត់ថ្នាក់លេខ៣ បានទៅ ក្រសួងមហាផ្ទៃ ដណ្តើមេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង និងចំណាត់ថ្នាក់លេខ៣ស្ទួន បានទៅ ក្លិបស្ទឹងមានជ័យ ដណ្តើមេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ២គ្រឿង ។