វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ ដែលរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ដល់គ្រូបង្វឹកគ្រប់យុទ្ធគុនខ្មែរបុរាណ សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ៣ថ្ងៃ នៅសាលាកីឡាគុណធម៌ រាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ
យុវជន និងកីឡា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី»
បានបញ្ជាក់ថា វគ្គនេះ រៀបចំឡើង ក្រោយទទួលបានការអនុញ្ញាត
និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការយកចិត្តទុកដាក់ពី ឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ដ្រី
ថោង ខុន ប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ
«ពានរង្វាន់សម្ដេចបវរធិបតី»។
ក្រោយការសិក្សារយៈពេល ៣ថ្ងៃ ឯកឧត្តម បានវាយតម្លៃខ្ពស់
ចំពោះភាពជោគជ័យ នៃវគ្គនេះ ដ្បិតសិក្ខាកាមជាគ្រូបង្វឹកមកពីគ្រប់យុទ្ធគុនខ្មែរ បានចូលរួមដោយក្ដីរីករាយ
និងចង់ចេះចង់ដឹងនូវបច្ចេកទេសពិសេសៗ សម្រាប់យកទៅបង្ហាត់បង្រៀនកីឡាករ-កីឡាការិនី
តាមសមាគម/ក្លិប និងរាជធានី-ខេត្ត ស្របតាមគោលការណ៍ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី
ដែលមិនត្រឹមដាក់ចេញនូវការប្រកួតដណ្ដើមពានរង្វាន់ តែសម្ដេចក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សផងដែរ។
លោកបន្ដថា
«អ្វីដែលយើងខិតខំប្រឹងប្រែងក្នុងបណ្ដុះបណ្ដាលនេះ គឺយើងធ្វើយ៉ាងណាឲ្យលោកគ្រូទាំងអស់គាត់មានសាមគ្គីភាពផ្ទៃក្នុងល្អ
ឲ្យគាត់ចេះស្រលាញ់ក្បាច់គុនយុទ្ធគុនរបស់ដូនតាទាំងអស់គ្នា ហើយបន្ដការថែរក្សានូវមរតកក្បាច់គុននេះឲ្យបានយូរអង្វែង
សម្រាប់ចែកជូនកូនចៅជំនាន់ក្រោយ ស្របតាមគោលការណ៍អភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនដូនតាខ្មែរ
ដែលជាគោលការណ៍រួម ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាវបរធិបតីនាយករដ្ឋមន្ដ្រី»។
ក្រោយបញ្ចប់ការពង្រឹងបច្ចេកទេសដល់គ្រូបង្វឹក
សម្រាប់យកចំណេះដឹងទៅបង្ហាត់ដល់សិស្សគុនរបស់ខ្លួននេះដែរ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី»
ដដែល បានបង្ហាញសុទិដ្ឋិនិយមថា
ការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី លើកទី២ នឹងមានគុណភាពផ្នែកបច្ចេកទេសកាន់តែល្អប្រសើរ
ហើយការប្រកួតកាន់តែទាក់ទាញ ហើយស្វែងរកកីឡាករដែលមានទេពកោសល្យខ្ពស់
និងមានសមត្ថភាពល្អបានត្រឹមត្រូវ ហើយកាន់តែធ្វើឲ្យគុណតម្លៃនៃការប្រកួត ពានរង្វាន់សម្ដេចបវរធិបតី
កមានភាពល្បីល្បាញថែមទៀត៕