នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ឆ្នាំជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាលប្រចាំឆ្នាំ២០២៥ រយៈពេល ៥ ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី២៤ ខែមករាឆ្នាំ២០២៥ តទៅ នៅក្រុងតាខ្មៅ ដោយប្រើប្រាស់ទីលានបាល់ទាត់ខេត្តកណ្តាល ស្ថិតនៅក្រុងតាខ្មៅ។ 

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ឆ្នាំជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករប្រភេទកីឡាបាល់ទាត់ នេះសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាកម្រិតថ្នាក់ជាតិទូទំាងប្រទេស។ 

លោកបានបន្តថាការប្រកួតកីឡាបាល់ទាត់នេះជាឱកាសមួយសម្រាប់កីឡាករសាកល្បងសមត្ថភាព បច្ចេកទេស ទេពកោសល្យ និង ជំនាញវិជ្ជាជីវៈរបស់ខ្លួន។ព្រឹត្តិការណ៍កីឡានេះក៏បានរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបាន សុខដុមនីយកម្មក្នុងសង្គមជាតិ ស្របពេលប្រទេសកម្ពុជាយើង ត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។

ការប្រកួតឆ្នាំមាន ១៤ ក្រុម គឺ ក្រុមបាល់ទាត់ យុវជនព្រែកត្នោត ក្រុមបាល់ទាត់ តាខ្មៅសុ្រកយើង ក្រុមបាល់ទាត់ បក្សក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ សេរីភាព ក្រុមបាល់ទាត់យុវជន វត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ វិទ្យាល័យជ័យវរ្ម័នទី ៧ កើត ក្រុមបាល់ទាត់ វិទ្យាល័យជ័យវរ្ម័នទី៧ លិច ក្រុមបាល់ទាត់ ស្អាងយើងស្អាត និងក្រុមបាល់ទាត់ សាលារៀន វត្តបញ្ញាវ័ន្តខ្មែរ ក្រុមបាល់ទាត់។

ក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់តាក្តុល (ខេត្តកណ្តាល) ក្រុមបាល់ទាត់ វិទ្យាល័យ ពាមរាំង ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកក្លែង ក្រុមបាល់ទាត់ យុវជន សុ្រកមុខកំពូល និងក្រុមបាល់ទាត់ រដ្ឋបាលឃុំកំពុងស្វាយ៕