កម្មវិធីរត់ប្រណាំងនៅកម្ពុជាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងការប្រកួតផ្លូវការដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងទទួលស្គាល់ពីសហព័ន្ធអន្តរជាតិ និងការរត់ប្រណាំងរៀបចំដោយស្ថាប័នឯកជន ក៏ដូចជាក្រុមហ៊ុននានា។ដោយឡែក Olympic Cambodia សូមបង្ហាញពីកម្មវិធីរត់ប្រណាំងផ្លូវការក្រោមការរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៖
១. ខែមករា មាន Ultra Trail Angkor (រត់ចម្ងាយឆ្ងាយ ឆ្លងកាត់ព្រៃ វាលស្រែ ចុងកាត់មាត់ញក ប្រាសាទនានាក្នុងតំបន់អង្គរខេត្តសៀមរាប)ឆ្នាំនេះធ្វើនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ៖ ចម្ងាយផ្លូវ១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ ៨គីឡូម៉ែត្រ។ ឆ្នាំនេះតាមការរំពឹង មាន១៨០០នាក់ចូលរួម ទាំងខ្មែរ និងបរទេស។
២. ខែមីនា មាន រត់អបអរទិវានារីអន្តរជាតិ នៅរាជធានីភ្នំពេញ ដែលមានឈ្មោះផ្លូវការថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ។ ចំពោះគោលបំណងសំខាន់គឺ ដើម្បីសុខមាលភាពនៃជីវិតរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
៣. ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ មាន២១គីឡូម៉ែត្រ ១០គីឡូ ៥គីឡូ ៣គីឡូ។ នៅឆ្នាំ២០២៥នេះ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា បណ្ដោយផ្លូវឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។
៤. នៅខែមិថុនា មាន ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ ដើម្បីអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្វែងរកថវិកាសប្បុរសធម៌ មានចំងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង រត់កម្សាន្ត ២គីឡូម៉ែត្រ ធ្វើឡើងនីរាជធានីភ្នំពេញ។
៥. នៅខែសីហា មាន ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ គឺដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរ ក៏ដូចជាជួយដល់ប្រតិបត្តិករទេសចរណ៍ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តសៀមរាប ពិសេសកំឡុងរដូវភ្លៀង ឬ Green Season ដែលមិនសូវមានអ្នកទៅលេងកម្សាន្ដ។ រួមមានវិញ្ញាសារត់ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត នៅខេត្តសៀមរាប។
៦. នៅខែកញ្ញា មាន កម្មវិធីរត់ប្រណាំងដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ឬ Pink Run។ នេះមានវិញ្ញាសា១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រ នៅរាជធានីភ្នំពេញ មុខសួនច្បារវត្តបទុម)
៧. នៅខែធ្នូ មាន ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ មានវិញ្ញាសា ២១គីឡូ ១០គីឡូ ៥គីឡូ និង ៣គីឡូ នៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាប។