ត្បូងឃ្មុំ ៖
មានករណីអំពើឃាតកម្មមួយ បានកើតឡើងនៅក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្ដាលស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ហើយ ហេតុការណ៍មួយនេះ បានកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះហួន ណុប ភេទប្រុស ស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១៥និង៤០នាទីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ។
សមត្ថកិច្ច បានឲ្យដឹងថាមូលហេតុនៃឃាតកម្មនេះ គឺជនសង្ស័យនិងជនរងគ្រោះ អតីតជាប្ដីប្រពន្ធលែងលះគ្នាហើយ ហើយជនរងគ្រោះ នៅតែមករករឿង ជេប្រមាថមកលើជនសង្ស័យ ម្តាយឃាត់មិនស្តាប់ ទើបជនសង្ស័យ ធ្វើសកម្មភាពប្រើកាំបិតប័ងតោ កាប់ទៅលើជនរងគ្រោះស្លាប់នៅនិងកន្លែងកើតហេតុតែម្តង រួចជនសង្ស័យរត់គេចខ្លួនបាត់ ។
ជនសង្ស័យ ជាជនដៃដល់ មានឈ្មោះ ហួន ណុប ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រីឯជនរងគ្រោះឈ្មោះ ចន ស្រីម៉ាច ភេទស្រី អាយុ ២៨ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសង្កែរថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្តកិច្ច បញ្ជាក់ទៀតថា ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង និងកម្លាំងជំនាញផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ហើយការឃាត់ខ្លួនជនសង្ស័យខាងលើ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និងមានការអនុញ្ញាតពីលោក គង់ រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ នាថ្ងៃកើតហេតុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕