អាចនិយាយបានថា ប៊ែលឡា រ៉ានី គឺជាតួឯកស្រីកំពូលប្រចាំប្រទេសថៃ ដែលមានតារាងការងារពេញណែនស្ទើរតែរាល់ថ្ងៃតែម្តង។ ដោយឡែកកាលពីពេលថ្មីៗនេះមហាជនអ្នកគាំទ្របាននាំគ្នាសង្ស័យទៅលើតារាស្រីរូបនេះថាហេតុអ្វីមិនឃើញបង្ហាញវត្តមានចូលរួមពិធីមង្គលការរបស់ លោក ជេមស៍ ជីរ៉ាយុ ខណៈពេលដែលមិត្តរួមអាជីពសិល្បៈផ្សេងទៀតបានទៅចូលរួមអបអរនៅថ្ងៃមង្គលនោះ។

យ៉ាងណាមិញក្រោយពេលដែលមានការជជីកសួរដេញដោលពីមហាជនច្រើនឡើងៗ កញ្ញា ប៊ែលឡា ក៏បានឆ្លើយតបតាមរយៈការផ្តល់បទសំភាសន៍មួយថា ការដែលមិនបានទៅចូលរួមពិធីមង្គលការរបស់ ជេមស៍ ជីរ៉ាយុ ក៏ព្រោះតែតារាងការងារពេញរាល់ថ្ងៃដកឃ្លាពុំរួច ទើបបានជាអវត្តមាននៅក្នុងថ្ងៃសំខាន់របស់តារាសម្តែងប្រុសខាងលើនេះ។

គួរឱ្យដឹងដែរថា លោក ជេមស៍ ជីរ៉ាយុ ដែលជាតារាសម្តែងប្រចាំប៉ុស្តិ៍លេខ៣ថៃ បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីក្រៅរង្វង់សិល្បៈម្នាក់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មកម្ល៉េះ ដែលរៀបចំឡើងតាមបែបសាមញ្ញជាមួយគ្រួសារទាំងសងខាង។ ដោយឡែកពួកគេបានរៀបចំពិធីអាពាហ៍ពិពាហ៍ម្តងទៀតកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅកន្លែងដែលតារាប្រុសរូបនេះបានលត់ជង្គង់សុំមិត្តស្រីរបស់ខ្លួនរៀបការ៕