កំពត ៖

 ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង១៩និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ (កំពត_វាលរេញ) ចន្លោះបង្គោលគីឡូម៉ែត្រ១៥២-១៥៣ ស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត រវាងរថយន្តនិងម៉ូតូ មានទិសដៅខ្វែងគ្នា។ 

ខាងភាគីម៉ូតូ ម៉ាក ស្កុបពី ពណ៌ក្រហម ផ្លាកលេខកំពត1L 7037 បើកបរដោយឈ្មោះកែវ ម៉ូសើ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ  នេសាទ នៅភូមិតាដិប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បើកបរពីលិចទៅកើត ហើយ បានស្លាប់នៅកន្លែងកើតហេតុ ។

ភាគីខាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ស្លាកលេខភ្នំពេញ 3C8654 មានសណ្តោងកន្ទយ ពណ៌ក្រហម ស្លាកលេខភ្នំពេញ 4A 1634  អ្នកបើកបរ បានរត់គេចខ្លួនពីកន្លែងកើតហេតុ។  

មូលហេតុៈអ្នកបើកបរម៉ូតូ បើកបរមកពីទិសខាងលិចទៅកើតស្របទិសគ្នាជាមួយរថយន្ត ដល់ចំនុចកើតហេតុ ខាងភាគីម៉ូតូបានស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវពីត្បូងទៅទិសខាងជើង ស្របពេលរថយន្តមកពីក្រោយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានបុកប៉ះផ្នែកខាងស្តាំនៃរថយន្ត បង្កឲ្យគ្រោះថ្នាក់តែម្តង។

ក្រោយកើតហេតុ សាកសពជនរងគ្រោះខាងម៉ូតូ ត្រូវបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងម៉ូតូ០១គ្រឿងនិងរថយន្ត០១គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូកគោជាបណ្តោះអាសន្ន៕