ខេត្តកណ្តាល ៖
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លាន់ស្នូរដូចរន្ទះ ព្រលះគ្នាពេញទំហឹងរវាងរថយន្តខ្នាតយក្សប្រភេទ( V1) ដឹកស្រូវពេញដូចគ្នា បណ្តាលឲ្យធ្លាក់ក្រឡាប់រថយន្តមួយគ្រឿងចូលក្នុងទំនាបដីស្រូវ ឯតៃកុងរថយន្តម្នាក់ រងរបួសធ្ងន់ដាច់ត្រឹមស្មងជើងម្ខាង និងរងរបួសស្រាលម្នាក់។
រីឯរថយន្តមួយគ្រឿងទៀត រងការបាក់បែករហែកស្ទើរខូចទាំងស្រុងផ្នែកក្បាលរថយន្ត ដែលហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង ០៥និង៥០នាទីទៀបភ្លឺមេឃកំពុងចុះអាប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ មហាវិថីស៊ីជីងភីង (ចន្លោះ គ .ម លេខ 19-20) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថានៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក MITSUBISHI FUSO ប្រភេទក្បាលសណ្ដោង ពណ៌ស ពាក់ស្លាកលេខ(ចង្កូតស្ដាំ) KCHH-0136 និង មានសឺមីសណ្ដោង រ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-0831 ដឹកស្រូវពេញ បើកបរដោយឈ្មោះ សៀក វីរៈ ភេទប្រុស អាយុ ៤៣ឆ្នាំ រងរបួសធ្ងន់ដាច់ត្រឹមស្មងជើងខាងស្តាំ កៀបជាប់ក្នុងកាប៊ីន ត្រូវបានបងប្អូនជួយទាញយកចេញរួច និងអ្នករួមដំណើរ ម្នាក់ ឈ្មោះ ពៅ វុទ្ធី ភេទប្រុស អាយុ ១៨ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំងពីរ ត្រូវបានដឹកតាមរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យ ។
រថយន្ត ហ្វុយហ្ស៉ូ បើកបរទិសដៅពីលិចទៅកើត ពេលបើកមកដល់កន្លែងកើតហេតុខាងលើ ក៏បានបុកពីក្រោយរថយន្តមួយគ្រឿងកំពុងឈប់នៅលើទ្រូងផ្លូវអែបខាងស្ដាំស្របទិសគ្នា ម៉ាក HYUNDAI ប្រភេទក្បាលសណ្ដោង ពណ៌ស ពាក់ស្លាកលេខព្រៃវែង 3A-2537 និងមានសណ្ដោងសឺមីរ៉ឺម៉ក ពណ៌បៃតង គ្មានស្លាកកលេខ ដឹកស្រូវពេញ។
លោកអធិការ បញ្ជាក់បន្ថែមថាមូលហេតុខាងលើ គឺបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក HYUNDAI ឈប់លើទ្រូងផ្លូវខ្វះការប្រុងប្រយ័ត្ន មិនមានភ្លើងសញ្ញា និងស្លាកសញ្ញាសម្គាល់នៅពីក្រោយ ដើម្បីឲ្យយានធ្វើដំណើរមកពីក្រោយងាយបានឃើញ។
ចំនែកអ្នកបើកបររថយន្តម៉ាក MITSUBISHI FUSO បើកបរខ្វះការប្រុងប្រយ័ត្នមិនពិនិត្យមើលស្ថានភាពផ្លូវឲ្យបានច្បាស់លាស់ពេលកំពុងបើកបរក្នុងពេលអាកាសធាតុចុះអាប់ ។ ចំពោះមធ្យោបាយពាក់ពន្ធ័ខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ធាននគរបាលក្រុង តាខ្មៅ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕