ខេត្តកណ្តាល ៖
ពិតជាគួរឲ្យអនិច្ចាណាស់ ដែលស្ត្រីម្នាក់គ្មានអ្នកជួយបាន ដោយឆក់ខ្សែភ្លើងបូមទឹកខ្លួនឯង ស្លាប់ ក្រោយពេលប្តីចេញទៅធ្វើការសំណង់។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៦និង៤០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចមាត់ព្រែកមុខកំពូលខាងក្រោយផ្ទះ ស្ថិតក្នុងភូមិអន្លុង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានប្រាប់ឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ចែម សុខ ហៅតឿ អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មាន ទីលំនៅក្នុងភូមិឃុំកើតហេតុ ។ ចំពោះវត្ថុតាង មាន៖ ខ្សែភ្លើងចំនួន០១ខ្សែ ប្រវែង៥៥ម៉ែត្រ និង ម៉ូទ័របូមទឹកចំនួន០១។
លោកអធិការ បន្តទៀតថាយោងតាមការបំភ្លឺរបស់ឈ្មោះសុខ សៀន ដែលត្រូវជាប្ដី និងឈ្មោះរតនា ឆេងអាន់ ដែលត្រូវជាក្មួយ បានឲ្យដឹងថានៅមុនកើតហេតុ វេលាម៉ោង ១១ ក្រោយជួបជុំពិសារបាយរួច ប្តីរបស់ស្ត្រីរងគ្រោះ បានចេញទៅធ្វើការសំណង់ចម្ងាយ ០១គីឡូម៉ែត្រពីផ្ទះ។ ចំណែកឯជនរងគ្រោះសម្រាកនៅផ្ទះធម្មតា។
លុះដល់វេលាម៉ោង១៦និង៣០នាទី ឈ្មោះរតនា ឆេងអាន់ បានមកផ្ទះរបស់ម្តាយមីង ដែលជាស្ត្រីរងគ្រោះ តែមិនឃើញ ក៏ទូរស័ព្ទរក ក៏មិនមានអ្នកលើក រួចក៏ព្យាយាមសួរអ្នកជិតខាង ក៏គ្មានអ្នកណាបានឃើញ ។ លុះដល់វេលាម៉ោង១៦និង៤០នាទី ឈ្មោះរតនា ឆេងអាន់ ក៏បានដើរទៅនិយាយទូរស័ព្ទនៅខាងក្រោយផ្ទះ ក៏ស្រាប់តែឃើញម្តាយមីងអណ្ដែតទឹក ដោយផ្ងារខ្លួន ហើយដៃមានរុំព័ទ្ធដោយខ្សែភ្លើងម៉ូទ័របូមទឹក ។
ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរ គ្រូពេទ្យបង្អែក ធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាសពជនរងគ្រោះ មានស្នាមរលាត់ប្រអប់ដៃខាងស្ដាំចំនួន០១កន្លែង និងមានស្នាមរលាត់ថ្ពាល់ខាងស្ដាំចំនួន០១កន្លែង, ដៃខាងឆ្វេងមានកាន់ស្លឹកកំប្លោកជាប់និងដៃ។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងជំនាញ គឺស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែរភ្លើងពិតប្រាកដមែន និងបាន ប្រគល់សព ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕