ខេត្តកណ្ដាល ៖
នគរបាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់ចាត់ការតាមច្បាប់ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយជននេះ ល្បួងក្មេងស្រីម្នាក់នាំទៅផ្ទះរបស់ខ្លួន រួចធ្វើសកម្មភាពបៀតបៀន និងរំលោភសេព សន្ថវៈរយៈពេល៣ខែ បានសម្រេចច្រើនដងមកហើយ ។
ជនសង្ស័យខាងលើ ឈ្មោះ គល់ រុន ហៅ ប៉ាក់ រុន អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ ។ ក្រោយពេលឃាត់ខ្លួន នគរបាលដកហូតទូរស័ព្ទ១គ្រឿងម៉ាកTECNO ពណ៌ទឹកប៊ិច ដែលជនសង្ស័យប្រើប្រាស់ក្នុងការបើករឿងឲ្យក្មេងស្រីរងគ្រោះមើល ។ ចំណែកក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំ ៨ខែនិង៥ថ្ងៃ ជនជាតិខ្មែរ រស់នៅភូមិក្នុងភូមិខាងលើនោះដែរ ។
ក្មេងស្រីរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថាកាលពីវេលាម៉ោង០៨និង១០នាទីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ខណៈនាងដើរត្រលប់មកពីលេងជាមួយមិត្តភក្តិនៅឯសាលាបឋមសិក្សាជង្រុក ទៅដល់ចំណុចខាងមុខផ្ទះរបស់ជនសង្ស័យ ។ ស្រាប់តែជននោះ ហៅនាងឲ្យចូលទៅក្នុងផ្ទះរបស់គាត់ ហើយឲ្យនាងអង្គុយលើអង្រឹងមើលទូរស័ព្ទជាមួយគាត់ រួចក៏បានធ្វើសកម្មភាពប្រើដៃបៀតបៀនប្រដាប់ភេទនាង និងរំលោភនាងរហូតបានសម្រេច ។
តាមសមត្ថកិច្ច បានប្រាប់ថា រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលម្កាក់ ឲ្យជួយអន្តរាគមន៍ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ ក៏បានហៅជនសង្ស័យទៅធ្វើការសួនាំ ។
ពេលនោះជនខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបែបនេះមែន ហើយបានធ្វើសកម្មភាពបែបនេះដាក់ក្មេងស្រីរងគ្រោះរូបនោះ ចាប់តាំងពីអំឡុងខែតុលា ឆ្នាំ២០២៤រហូតដល់ពេលបច្ចុប្បន្ននេះ ដោយបានសម្រេចជាច្រើនលើករួចមកហើយ ៕