នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមជាប់មន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្សី លោក គុជ ឆៃយ៉ា បានដឹកនាំប្រតិភូ និងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា រួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្សដែលកំពុងតែមានតម្រូវការជារៀងរាល់ថ្ងៃ។
ក្រុមពិធីករកីឡាកម្ពុជាមិនត្រឹមតែរួមចំណែកលើកស្ទួយវិស័យកីឡាជាតិតាមរយៈការចូលរួមផ្សព្វផ្សាយតែមួយមុខទេ ប៉ុន្តែក្រុមពិធីករកីឡាកម្ពុជាក៏បានប្តេជ្ញារួមគ្នាជួយកិច្ចការសង្គមផ្សេងៗជាច្រើនទៀត។ តួយ៉ាងដូចថ្ងៃម្សិលមិញនេះដែរក្រុមពិធីករកីឡាកម្ពុជាបានរួមគ្នាបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីសង្គ្រោះជីវិតមនុស្ស ដែលនេះបង្ហាញឲ្យឃើញស្មារតីស្នេហាជាតិ ក្នុងចំណោមបងប្អូនមហាគ្រួសារខ្មែរ។
ក្រៅពីកម្មវិធីបរិច្ចាគឈាមនេះ ថ្នាក់ដឹកនាំ និងក្រុមពិធីករកីឡាកម្ពុជានឹងរៀបចំកម្មវិធីបរិច្ចាគឈាមទ្រង់ទ្រាយធំមួយទៀតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយក្រុមបាល់ទាត់គុនខ្មែរនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទស្តាតចាស់ ហើយក្រុមទាំង២ នឹងធ្វើការប្រកួតមិត្តភាពមួយប្រកួត ចាប់ពីវេលាម៉ោង ៥ល្ងាចតទៅ។
កម្មវិធីបរិច្ចាគឈាមនៅថ្ងៃទី១៨ ខែកុម្ភៈនេះនឹងមានការរៀបចំជាអាហារសម្រន់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់ចែកជូនពុកម៉ែបងប្អូនដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅថ្ងៃនោះផងដែរ៕