កាលពីថ្ងៃសៅរ៍ ទី11 ខែមករា ប្រទេសអ៊ីរ៉ង់បានធ្វើសមយុទ្ធការពារដែនអាកាស ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងជាមួយសត្រូវចាស់ គឺអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក្រោយការចូលកាន់តំណែងរបស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ។ សមយុទ្ធកាលពីថ្ងៃសៅរ៍ គឺជាផ្នែកមួយនៃសមយុទ្ធរយៈពេលពីរខែ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី 4 ខែមករា ដែលរួមមានទាំងការប្រឆាំងនឹងការវាយប្រហារដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្ស នឹងការការពារទីតាំងនុយក្លេអ៊ែរសំខាន់ៗ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសអ៊ីរ៉ង់ទទួលរងនូវវិបត្តិយ៉ាងខ្លាំងនៅក្នុងប្រទេសលីបង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡាដែលខ្លួនគាំទ្រ បូករួមទាំងការផ្តួលរំលំអតីតប្រធានាធិបតីប្រទេសស៊ីរី បាសា អាល់ អាសាដ ដែលជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន ។